ភ្នំពេញ៖ រយៈពេល ៧ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចក្រភពអង់គ្លេស មានទឹកប្រាក់សរុបជាង ៥៨១,៣៧លានដុល្លារ កើនជាង ៤៥,៥% បើធៀបទៅនឹងឆ្នាំ២០២១ មានទឹកប្រាក់ ៣៩៩,៥៨ លានដុល្លារ។ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
នៅក្នុងរបាយការណ៍បានបន្តឱ្យដឹងថា សម្រាប់ការនាំចេញទំនិញពីកម្ពុជាទៅចក្រភពអង់គ្លេសក្នុងរយៈពេល ៧ខែឆ្នាំ២០២២ មានចំនួន ៥២៧,៧៣លានដុល្លារ កើន ៤៣,១% និងការនាំទំនិញពីអង់គ្លេសមានទឹកប្រាក់ ៥៣,៦៤លានដុល្លារ កើន ៧៤,៥%។
ទំនិញកម្ពុជា នាំទៅចក្រភពអង់គ្លេស មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ ផលិតផលកសិកម្ម និងផលិតផលអង់គ្លេសនាំមកកម្ពុជាមានដូចជារថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិកជាដើម។
ទំហំទឹកប្រាក់ធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ បានបង្ហាញភាពវិជ្ជមានជាបន្តបន្ទាប់ ប៉ុន្តែអ្វីដែលពិសេសនោះ គឺបន្ទាប់ពីអង់គ្លេសធ្វើ Brexit ចាកចេញពីសហគមន៍អឺរ៉ុប។ បើតាមការលើកឡើងរបស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ដែលភ្នំពេញប៉ុស្តិ៍បានស្រង់សំដី។
ភ្នំពេញប៉ុស្តិ៍បានស្រង់សំដី លោក លឹម ហេង បន្តថា បន្ទាប់ពីការចេញនេះការធ្វើពាណិជ្ជកម្មលក្ខណៈទ្វេភាគីជាមួយកម្ពុជា គឺមានទំហំទឹកប្រាក់កាន់តែច្រើន ខណៈចក្រភពអង់គ្លេសក៏ផ្តល់ប្រព័ន្ធលើកលែងពន្ធ GSP ឱ្យកម្ពុជាសម្រាប់ការនាំចេញទំនិញមួយចំនួនដោយរួចពន្ធទៅប្រទេសខ្លួនដែរ។
ការទទួលបាន GSP ពីចក្រភពអង់គ្លេស គឺជាផ្នែកមួយនៃការប៉ះប៉ូវពីការបាត់បង់ EBA ចំនួន ២០% របស់សហគមន៍អឺរ៉ុបដែលបានផ្តល់ឱ្យកម្ពុជាកាលពីពេលកន្លងមកផងដែរ។ បើតាមការបន្ថែមរបស់ លោក លឹម ហេង បានបញ្ជាក់ថា អង់គ្លេស គឺជាទីផ្សារធំមួយនៅអឺរ៉ុប និងជាទីផ្សារមានសក្តានុពល សម្រាប់ទំនិញកម្ពុជា ការនាំចេញរបស់កម្ពុជាទៅចក្រភពអង់គ្លេសនឹងអាចមានសម្ទុះខ្លាំងបន្ថែមទៀតនៅពេលខាងមុខ។
សូមរម្លឹកថា ទំហំទឹកប្រាក់ពាណិជ្ជកម្មទ្វេភាគីកម្ពុជា ចក្រភពអង់គ្លេសកាលពីឆ្នាំ២០២១ មានចំនួនជាង ៧៨៨,៦៥ លានដុល្លារ ធ្លាក់ចុះ -១០,៦% ធៀបឆ្នាំ២០២០ ដោយការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ ៧៣១,៨៤លានដុល្លារ ធ្លាក់ -១១,៩% និងទំនិញនាំពីអង់គ្លេសមានទឹកប្រាក់ ៥៦,៨១លានដុល្លារ កើនឡើង ១០,២%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)