ភ្នំពេញ៖ ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២ គឺមានចំនួន ១,២៤២,៨៥៤នាក់ កើនឡើង ៨៩០.១៧% ធៀបពេលដូចគ្នាឆ្នាំ២០២១ មានចំនួន ១២៥,៥១៩នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ១,១៥៩,០០០នាក់ កើនឡើង ៧៩៨.៤៦% និងភ្ញៀវអន្តរជាតិ មានចំនួន ៨៣,៨៥៤នាក់ កើនឡើង១៣៥១.៧៧%។ បើតាមការថ្លែងរបស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
យោងតាមស្ថិតិខាងលើនេះបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិចូលមកខេត្តសៀមរាបតាមផ្លូវអាកាសមានប្រមាណ ៧០% នៃចំនួនភ្ញៀវអន្តរជាតិសរុប។ មកដល់ពេលនេះមានការហោះហើរ ៧-៨ជើង ក្នុងមួយថ្ងៃ មានអ្នកដំណើរជាមធ្យម ៧០០-៨០០នាក់ក្នុងមួយថ្ងៃ។
លោក ថោង ខុន បានឱ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២ ជើងហោះហើរក្រៅប្រទេសដែលចូលមកកាន់ខេត្តសៀមរាបមានចំនួន ៥៥០ជើង និងមានអ្នកដំណើរសរុបចំនួន ៤៨,៧៦៥នាក់ ក្នុងនោះរួមមាន៖
-ក្រុមហ៊ុន Singapore Airline (សិង្ហបុរី-សៀមរាប)
-ក្រុមហ៊ុន Air Asia (គូឡាឡាំពួរ-សៀមរាប និងបាងកក-សៀមរាប)
-ក្រុមហ៊ុន Cambodia Angkor Air (ហូជីមីញ-សៀមរាប និងដាណាង-សៀមរាប)
-ក្រុមហ៊ុន Vietnam Airline (ហូជីមីញ-សៀមរាប)
-ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប) ក្រុមហ៊ុន China Eastern (គួនមីង-សៀមរាប)
-ក្រុមហ៊ុន Bangkok Air (បាងកក-សៀមរាប) ក្រុមហ៊ុន Air Iceland (កោះហ្កាំ-សៀមរាប)។
លោក ថោង ខុន បានបញ្ជាក់ពីជើងហោះហើរក្នុងស្រុក មានក្រុមហ៊ុន Cambodia Angkor Air ភ្នំពេញ-សៀមរាប មានចំនួន១៤៥ជើង និងកំពង់សោម-សៀមរាប មានចំនួន ១៣ជើង។ ក្រៅពីនោះមានក្រុមហ៊ុន Cambodia Airway ភ្នំពេញ-សៀមរាប) មានចំនួន ៣ជើង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)