Register Already an agent ? Login

ទំបន់ទេសចរណ៍ខេត្តសៀមរាប និងព្រះសីហនុ ភ្ញៀវទេសចរដើរកម្សាន្តច្រើនជាងគេជិត ៧ម៉ឺននាក់

ភ្នំពេញ៖ តំបន់ទេសចរណ៍ ក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ ចុងសប្តាហ៍ថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២២ ភ្ញៀវទេសចរបានទៅទស្សនាច្រើនជាងគេសរុប ៦៩,៨៣៨ម៉ឺននាក់។ បើតាមការរបាយការណ៍របស់ក្រសួងទេសចរណ៍។

នៅក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍បានបន្តថា រយៈពេល ២ថ្ងៃ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន ២៣៣,៩៣៣នាក់ ក្នុងនោះភ្ញៀវជាតិ ២១២,៣១៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២១,៦២០នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តសៀមរាប ៣៨,២៤៩នាក់, ខេត្តព្រះសីហនុ ៣១,៥៨៩នាក់, ខេត្តកំពត ២៣,៨១៩នាក់, ខេត្តបាត់ដំបង ២១,១៧៧នាក់, ខេត្តកំពង់ស្ពឺ ១៨,៨២៦នាក់, រាជធានីភ្នំពេញ ១៨,៣៩៥នាក់, ខេត្តកែប ១២,៧២០នាក់, ខេត្តពោធិ៍សាត់ ១១,៥៤១នាក់, ខេត្តកណ្តាល ១១,០៨៥នាក់។

បើតាមរបាយការណ៍ដដែល បានបន្ថែមថា ក្នុងរយៈពេល៤-៥សប្តាហ៍កន្លងមកនេះ យើងឃើញថាចរន្តភ្ញៀវមានការប្រែប្រួលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយសារបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់តិចឬច្រើនទៅតាមតំបន់ ជំនន់ទឹកភ្លៀងដោយកន្លែង និងរលកសមុទ្រធំៗ ដែលបានធ្វើចរន្តភ្ញៀវទៅកាន់គោលដៅទេសចរណ៍មួយចំនួនក៏មានការប្រែប្រួលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ផងដែរ។

បច្ចុប្បន្ន ក្រសួងទេសចរណ៍ បានកំពុងពិភាក្សាជាក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើតកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាច្រើនដង និងការត្រួតពិនិត្យវាយតម្លៃលើកទីពីរនៃគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ពិសេស ការស្ដារនិងពង្រឹងឡើងវិញវិស័យធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍នៅគោលដៅសៀមរាប-អង្គរ ដែលជាផ្នែកមួយគាំទ្រដល់យុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ (Visit Cambodia Year 2023) ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)