ភ្នំពេញ៖ រយៈពេល៧ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករមានចំនួន ៨,៩៥០.៨៩ប៊ីលានរៀល (ប្រមាណ ២,២១០.១០លានដុល្លារ) ស្មើនឹង ៧៨.៣៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១,៩៨៩.៧៤ប៊ីលានរៀល (ប្រមាណ ៤៩១.២៩លានដុល្លារ) ស្មើនឹង ២៨.៦២%។ បើតាមកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។
កិច្ចប្រជុំខាងលើ ដែលដឹកនាំដោយ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «ក្នុងខែកក្កដា ឆ្នាំ២០២២ ចំណូលពន្ធគ្រប់ប្រភេទប្រមូលបានចំនួន ៩៦៩,៨០ប៊ីលានរៀល (ប្រមាណ ២៣៩,៤៦លានដុល្លារ) ស្មើនឹង៨,៤៩% នៃផែនការច្បាប់ហិរញ្ញវត្ថុការគ្រប់គ្រងប្រចាំឆ្នាំ២០២២»។
លោក គង់ វិបុល បានមានប្រសាសន៍ថា ទោះបីជាមានហានិភ័យ ដែលបណ្តាលពីភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល រលកនៃការរីករាលដាល និងបំប្លែងឥតឈប់ឈរនៃមេរោគកូវីដ-១៩ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងសន្តិសុខសកល ដែលបានជះឥទ្ធិពលមកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា យ៉ាងណាក្តីក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងឆ្នាំ២០២០ ឆ្នាំ២០២១ និងរយៈពេល ៧ខែ ឆ្នាំ២០២២ នេះនៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ គឺតែងតែសម្រេចបានគ្រប់ និងលើសផែនការកំណត់ក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលបានឆ្លើយតបទៅនឹងតម្រូវការថវិកា សម្រាប់ការចំណាយនានារបស់រដ្ឋាភិបាល ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។
ស្ថានភាពនៃការបន្តរក្សាកំណើនចំណូលនេះ គឺសម្រេចបានអាស្រ័យដោយការបន្តខិតខំប្រឹងប្រែងកៀរគរចំណូល ពីប្រភពនានា និងបិទខ្ទប់នូវការលេចធ្លាយចំណូលនានា តាមរយៈការបន្តពង្រឹងអភិបាលកិច្ចល្អ (Good Governance) និងរដ្ឋបាលកិច្ចល្អ (Good Administration)។ បើតាមការលើកឡើងបន្តរបស់ លោក គង់ វិបុល។
លោក បានលើកឡើងបន្តទៀតថា ព្រមទាំងការប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ជាពិសេសការរៀបចំ អភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាំងពីមុនការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ToI E-Filing, E-Filing, E-Payment, GDT Tax Pre-filing App, និងប្រព័ន្ធបច្ចេកវិទ្យាគាំទ្រនានា ដោយមានសេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ ព្រមទាំងសេវាគាំទ្រការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីនានា (E-Tax Service) ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមក្នុងការប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីនានាតាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះ ដែលរៀបចំតាមប្រព័ន្ធអនឡាញ លោក គង់ វិបុល បានគូសបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០២២ នឹងអនុវត្ត ប្រមូលចំណូលពន្ធតាមផែនឱ្យបានចំនួន ១១៤១៩,១៣ប៊ីលានរៀល (ប្រមាណ ២៨១៩,៥៤លានដុល្លារ)នៃច្បាប់ហិរញ្ញវត្ថុការគ្រប់គ្រងឆ្នាំ២០២២នេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)