Register Already an agent ? Login

កម្ពុជា មានទំហំពាណិជ្ជកម្មជាង ៣២ពាន់លានដុល្លារ រយៈពេល ៧ខែឆ្នាំ២០២២

ភ្នំពេញ៖ យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុ​ជាបានឱ្យដឹងថា រយៈពេល ៧ខែ ឆ្នាំ២០២២ កម្ពុជាមានទំហំពាណិជ្ជកម្មប្រមាណ ៣២,៨២ពាន់លានដុល្លារ ក្នុងនោះរួមមានទំនិញនាំចេញប្រមាណ ១៣,៧៦ពាន់លានដុល្លារ និងនាំចូលប្រមាណ ១៩,០៥ពាន់លានដុល្លារ។

ទំហំពាណិជ្ជកម្មជាង ៣២ពាន់លានដុល្លារ កើនឡើងប្រមាណ ២១.៣% បើធៀបទៅនឹងរយៈពេលដូច នៅឆ្នាំ២០២១ មានចំនួន ២៧,០៤ពាន់លានដុល្លារ ប៉ុណ្ណោះ។ ការនាំចេញ កើនឡើងខ្ពស់ក្នុងអត្រា ៣០,៧% និងការនាំចេញ ក៏មានការកើនឡើងក្នុងអត្រា​ ១៥,៤%។ បើតាមស្ថិតិខាងលើ។

បើតាមស្ថិតិដដែល បានបញ្ជាក់ទៀតថា មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសង្ហារឹម កៅស៊ូ បំណែកគ្រឿងអគ្គីសនី​និងម៉ាស៊ីន ឈើ ធញ្ញជាតិ ផ្លៃឈើ ស្ពាន់ ប្រដាប់ប្រដាក្មេងលេង និងសម្ភារៈវាយនភ័ណ្ឌកែច្នៃរួចផ្សេងទៀត។ សម្រាប់ មុខទំនិញនាំចូលសំខាន់ៗវិញមានដូចជា៖ គុជខ្យងធម្មជាតិ ត្បូងមានតម្លៃ រ៉ែ យានយន្តគ្រប់ប្រភេទ គ្រឿងចក្រ អាលុយមីញ៉ូម ដែក ក្រដាស ឱសថ ស្បែកសត្វ និងជី។ 

គូសបញ្ជាក់ផងដែរថា ចិនឈរនៅលំដាប់លេខរៀងទី១ ដែលមានទំហំពាណិជ្ជកម្មច្រើនជាងគេនៅកម្ពុជា អាមេរិកឈរនៅលំដាប់លេខទី២ វៀតណាមឈរនៅលំដាប់លេខរៀងទី៣ តាមពីក្រោយ គឺថៃឈរនៅលំដាប់លេខរៀងទី៤ ហើយសិង្ហបុរីឈរនៅលំដាប់លេខរៀងទី៥៕

ដោយ៖ មឿន ឌីណា (Moeun Dyna)