Register Already an agent ? Login

CDC បានអនុម័តឱ្យក្រុម៣ ធ្វើរោងចក្រកាត់ដេរ និងផលិតអំបោះ នៅភ្នំពេញ កំពង់ស្ពឺ ទុនសរុបជាង ១៥លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៣ ទុនវិយោគសរុបជាង ១៥លានដុល្លារ គម្រោងធ្វើរោងកាត់ដេរ និងផលិតអំបោះ នៅភ្នំពេញ និងកំពង់ស្ពឺ បានទទួលវិញ្ញាបនបត្រចុះបញ្ជីបញ្ជាក់ ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមហ៊ុនទាំង៣ ដែលបានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ នៅភ្នំពេញ និងកំពង់ស្ពឺរួមមាន៖

១.ក្រុមហ៊ុន JADE FASHION (CAMBODIA) GARMENTS COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,០២៤កន្លែង។

២.ក្រុមហ៊ុន HONG YU FANG GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,០២៩កន្លែង។

៣.ក្រុមហ៊ុន SHUN WEI FANG ZHI KE JI CO., LTD គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២៦កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)