កំពង់ធំ៖ ទំនាស់ដីធ្លី ដែលបានកើតមានឡើងអស់រយៈជាច្រើនឆ្នាំមកហើយ នៅឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ស្ថិតនៅតំបន់កោះរះ ក្នុងតំបន់២ មានផ្ទៃដីចំនួន ២០០ហិកតា រវាងក្រុមហ៊ុន៧មករា ផារី និងប្រជាពលរដ្ឋចំនួន ៩៩គ្រួសារ ត្រូវបាន លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ខេត្ត ដោះស្រាយបញ្ចប់ហើយ។
នីតិវិធី ដែល លោក ងួន រតនៈ ប្រធានគណៈកម្មការសុរិយោដីថ្នាក់ខេត្ត ដោះស្រាយបញ្ចប់ទំនាស់ដីនោះគឺ ប្រើយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ ដោយបែងចែកគ្នាពាក់កណ្តាលម្នាក់ លើផ្ទៃដីចំនួន ២០០ហិកតានោះ ធ្វើឡើងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅសាលាឃុំស្រឡៅ ។
ការដោះស្រាយបញ្ចប់ទំនាស់ដីធ្លីនេះក្រោយពី លោក ងួន រតនៈ ឱ្យភាគីពាក់ព័ន្ធទាំងពីរ ក្រុមហ៊ុន៧មករា ផារី និងភាគីតំណាងប្រជាពលរដ្ឋ បានលើកឡើងអំពីប្រវត្តិដី និងប្រវត្តិនៃការចូលកាន់កាប់ដី ព្រមទាំងឱ្យអាជ្ញាធរដែនដីបំភ្លឺពីបន្ថែមទៀត បន្ទាប់ពីចុះសិក្សា ស្រាវជ្រាវកន្លងមក។
បន្ទាប់ពីសម្រួលបញ្ចប់ទំនាស់លើដីនោះហើយ លោក ងួន រតនៈ បានជំរុញឱ្យអាជ្ញាធរដែនដី ធ្វើការជាមួយតំណាងក្រុមហ៊ុន៧មករា ផារី ជួបប្រជាពលរដ្ឋទាំង ៩៩គ្រួសារ បន្តចុះទៅធ្វើការបែងចែកដីទំនាស់នេះ រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ដោយមានកំណត់បោះបង្គោលព្រំឱ្យបានច្បាស់លាស់។
ក្នុងកិច្ចសម្របស្រួលនោះ លោក ក៏សូមឱ្យភាគីទំនាស់ទាំងពីរ ត្រូវដកពាក្យបណ្ដឹងទាំងឡាយណាដែលពាក់ព័ន្ធនឹងបុគ្គល រឿងទំនាស់ដីធ្លីនេះ នៅក្នុងសមត្ថកិច្ចតុលាការ បន្ទាប់ក្រុមការងារបានធ្វើការបិទបញ្ចប់នៃបញ្ហាទំនាស់នេះ។
លោក ងួន រតនៈ សំណូមពរដល់ភាគីទាំងពីរ សូមបញ្ចប់គ្រប់រឿងទាំងអស់ ដើម្បីឱ្យកើតមានសន្តិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងចូលទៅអាស្រ័យផល។ លោក បានបញ្ជាក់ថា កុំទុកដីចោល ត្រូវប្រើប្រាស់ឱ្យសមស្របទៅតាមពេលវេលា និងគោលបំណងនៃការប្រើប្រាស់ ជាជាងទុកដីនៅទំនេរ។
លោក កុល ញឹម មេឃុំស្រឡៅ បានឱ្យដឹងថានៅថ្ងៃទី១០ សីហា ឆ្នាំ២០២២ថា ប្រជាពលរដ្ឋបានសម្តែងការសប្បាយចិត្ត នៅពេលដែលបញ្ហាត្រូវបានស្រុះស្រួលគ្នាដោះស្រាយបានសម្រេច ហើយពួកគាត់នឹងទទួលបានចំណែកដី សម្រាប់អាស្រ័យផល។ បើតាម ភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី លោក មេឃុំ មេឃុំស្រឡៅ។
ភ្នំពេញប៉ុស្តិ៍ បានស្រង់សំដី លោក កុល ញឹម បន្តថា បញ្ហាទំនាស់ រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ៩៩គ្រួសារនេះ កើតឡើងក្នុងឆ្នាំ២០២១ ដោយសារការវិនិយោគរបស់ក្រុមហ៊ុន ប៉ះលើដីអាស្រ័យផល របស់ប្រជាពលរដ្ឋ ដែលបានចាប់ផ្តើមធ្វើការអាស្រ័យផល តាំងពីឆ្នាំ២០០៤ មកម្ល៉េះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)