Register Already an agent ? Login

USAID រំពឹងថា ៥ឆ្នាំទៀត កំណើនលក់ផលិតផលរបស់កម្ពុជានឹងអាចសម្រេចបានក្នុងរង្វង់ ១០០លានដុល្លារ

ភ្នំពេញ៖ USAID រំពឹងថា ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ នឹងជំរុញឱ្យមានការវិនិយោគពីឯកជនក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង ៣,០០០កន្លែង ជួយកសិករ និងក្រុមហ៊ុនឯកជនឱ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ ១៥លានដុល្លា និងបង្កើនការលក់កសិផលឱ្យបាន ១០០លានដុល្លារ។

តាមការរំពឹងរបស់ USAID ក្នុងពិធីបើកកម្មវិធី «The Feed the Future Cambodia Harvest III» ក្នុងកញ្ចប់ថវិកា ២៥លានដុល្លារ សម្រាប់រយ:ពេល ៥ឆ្នាំ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយ លោក W. Partrick Murphy ឯកអគ្គរដ្ឋ ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានអញ្ជើញជាអធិបតី។

លោក W. Partrick Murphy គូសបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកបានផ្តល់ថវិកាជិត ១០០លានដុល្លារ ក្នុងរយៈពេលជាង ១ទសវត្សរ៍ចុងក្រោយនេះ ក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្មកម្ពុជា។

ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន ដូច្នេះគម្រោង «កម្ពុជាហាវេស III» នេះគឺបង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការសម្រេចគោលដៅមួយនេះ។ បើតាមការលើកឡើងបន្តរបស់ លោកទូត បានបន្តទៀតថា គម្រោងនេះត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី៤ សីហាកន្លងទៅ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក្នុងអំឡុងពេលការធ្វើទស្សនកិច្ចរបស់លោកនៅកម្ពុជា។

លោក W. Partrick Murphy បានបន្ថែមថា គម្រោងនេះនឹងធ្វើការជាមួយដៃគូក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារនានានៅក្នុងវិស័យកសិកម្ម តាមរយៈការចាប់ដៃគូជា មួយនឹងវិស័យឯកជន។ លោក បានគូសបញ្ជាក់ថា «គម្រោងនឹងបន្តធ្វើការអភិវឌ្ឍទៅលើការងារដែល USAID បានធ្វើកន្លងមកដើម្បីលើកស្ទួយឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។ តាមរយៈកិច្ចសហការជាមួយវិស័យឯកជន គម្រោងនឹងជួយលើក កម្ពស់ជីវភាព ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ»។

លោក វេង សាខុន ថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ជូនចំពោះរដ្ឋាភិបាល និងប្រជាជន​អាមេរិក ដែលបាននិងកំពុងដើរតួនាទីក្នុង​ភាពជាដៃគូ ផ្តល់កិច្ចសហប្រតិបត្តិការក្នុងការជួយគាំទ្រ​ដល់​ការអភិវឌ្ឍ វិស័យកសិកម្មតាម​រយៈ USAID ក្នុងនោះការអនុវត្ត​កម្ម​វិធី និងគម្រោង​ជាច្រើនមានគោលបំណងជួយជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះគម្រោង “The Feed the Future Cambodia Harvest III” ដែលកំពុងដំណើរការនាពេលនេះ។ លោក បានបញ្ជាក់ថា នឹងចូល រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាពតាមរយ:ការបង្កើនពិពិធកម្ម និងការប្រកួតប្រជែងទីផ្សារកសិផល ដែលកំពុងមាននិន្នាការកើនឡើងជាលំដាប់។

តាមរយ:គម្រោងនេះ លោក រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានបង្ហាញនូវសុទុដ្ឋិនិយមថាពិតជានឹងចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសជួយជំរុញវិស័យកសិកម្ម​ឱ្យកាន់តែទំនើប មានភាពប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជួយបង្កើនសមត្ថភាពវិស័យឯកជនក្នុងការផលិត ធានាគុណភាព សុវត្ថិភាព និងជំរុញការនាំចេញ។ លោក បានបន្តថា វិស័យឯកជនកំពុងដើរតួនាទីសំខាន់ក្នុងការផលិត ការបង្កើនផលិត​ភាព និងការប្រកួតប្រជែង ធានាស្ថិរភាព​ម៉ាក្រូ​​សេដ្ឋកិច្ច ជួយបង្កើតការងារ និងប្រាក់ចំណូល​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)