ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចជាគោលការណ៍កំណត់កាលបរិច្ឆេទរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ យោងតាមរយៈលិខិតលេខ២១៤ សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។
លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅការរៀបចំពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក រួមទាំងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងប្រតិបត្តិករទេសចរណ៍តំបន់ឆ្នេរក្នុងខេត្តផងដែរ។
លោក នី ផល្លី បានលើកឡើងក្នុងអង្គប្រជុំថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយដ៏ជោគជ័យនៃការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនភាពសាំក្នុងសហគមន៍ និងឈានទៅការបើកដំណើរការប្រទេសឡើងវិញក្នុងគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍។
លោក រដ្ឋលេខាធិការរូបនេះ លើកឡើងបន្តថា ប្រការដ៏សំខាន់នេះបានធ្វើឱ្យប្រទេសកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះក្នុងការៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលនឹងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២ នាពេលខាងមុខ អមជាមួយនឹងពិធីបុណ្យសមុទ្រ។
ដើម្បីត្រៀមខ្លួនកាន់តែរួចរាល់ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំទាំងពីរខាងលើនេះ លោក នី ផល្លី បានណែនាំទៅរដ្ឋបាលខេត្តព្រះសីហនុ ដែលមានមន្ទីរ និងអង្គភាពជំនាញនានាជាសេនាធិការឱ្យបន្តកិច្ចខិតខំប្រឹងប្រែងកាន់តែសកម្មចុះផ្សព្វផ្សាយ អប់រំ និងត្រៀមការងារមួយចំនួន៖
ទី១-បន្តជំរុញនិងលើកកម្ពស់ការរៀបចំទីក្រុងឱ្យបានស្អាត រួមទាំងគោលដៅទេសចរណ៍សំខាន់ៗ និងគ្រប់ឆ្នេរខ្សាច់កម្សាន្តទាំងអស់នៅក្នុងខេត្តព្រះសីហនុ។ ទី២-បន្តពង្រឹងការផ្តល់សេវាកម្មទេសចរណ៍ និងផលិតផលទេសចរណ៍ប្រកបដោយគុណភាពនិងភាពកក់ក្ដៅ។
ទី៣-ជំរុញដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ដារប្រតិបត្តិអប្បបរមា (SOP) និងវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន សំដៅលើកកម្ពស់កិត្យានុភាពខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។ ទី៤-ពង្រឹងគុណភាព និងសុវត្ថិភាពសេវាកម្មដឹកជញ្ជូនទេសចរណ៍ទាំងផ្លូវទឹក និងផ្លូវគោក។
ទី៥-ជំរុញនិងលើកទឹកដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងការគាំទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុក ដូចជាបន្លែផ្លែឈើ សាច់ និងផលិតផលផ្សេងៗទៀត។ ទី៦-បង្កើនការបើកវគ្គបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីធានាបាននូវការផ្តល់សេវាកម្មប្រកបដោយគុណភាព និងបដិសណ្ឋារកិច្ចល្អ។
ទី៧-ជំរុញការរៀបចំព្រឹត្តិការណ៍ឱ្យបានច្រើន រួមទាំងព្រឹត្តិការណ៍ទេសចរណ៍ កីឡា និងព្រឹត្តិការណ៍ពិព័ណ៌ទេសចរណ៍នានា។ ទី៨-រៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តម្លៃសមរម្យ ចាប់ពីការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរជាដើម ដើម្បីទាក់ទាញភ្ញៀវទេចរមកខេត្តព្រះសីហនុកាន់តែច្រើន។
ទី៩-ចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ដោយចាប់ផ្តើមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធរហូតដល់រដ្ឋបាលខេត្ត។ ទី១០-ស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ចុះដល់គ្រប់ទីតាំងមូលដ្ឋានអាជីវកម្ម ដើម្បីក្ដាប់នូវបញ្ហាប្រឈម និងឈានទៅរកដំណោះស្រាយជាក់ស្តែង និងក្នុងករណីចាំចាច់ ត្រូវស្នើសុំជំនួយបច្ចេកទេសពីក្រសួងជំនាញពាក់ព័ន្ធ ដើម្បីធានាដល់និរន្តរភាព នៃការអភិវឌ្ឍវិស័យទេសចរណ៍ និងឈានទៅជំរុញដល់កំណើនសេដ្ឋកិច្ចមូលដ្ឋាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)