Register Already an agent ? Login

កម្ពុជា ផលិតមាសបាន ២៣២ដុំ ប្រមាណជិត ៤ពាន់គីឡូក្រាម គិតត្រឹមខែសីហា ឆ្នាំ២០២២

ភ្នំពេញ៖ ក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី ផលិតមាសបានដុំចំនួន ២៣២ដុំ ហើយគិតជាគីឡូក្រាមចំនួន ៣,៥៤៣គីឡូក្រាម គិតត្រឹមដើមខែសីហា ឆ្នាំ២០២២។ បើតាមថ្លែងឱ្យដឹងពី លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល» នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ លោក អ៊ឹង ឌីប៊ូឡា បានថ្លែងបន្តថា ចំពោះចំណូលសួយសារក្រុមហ៊ុន បានបង់ចូលរដ្ឋចំនួនជាង ៥លានដុល្លារ។

លោក អ៊ឹង ឌីប៊ូឡា បានថ្លែងបន្តទៀតថា មានតែក្រុមហ៊ុន Renaissance មួយទេ ដែលបានផលិតរ៉ែមាសជាផ្លូវការ ប៉ុន្តែកាលពីថ្ងៃទី៤ ខែសីហាឆ្នាំ២០២២ គឺមានក្រុម Delcom Cambodia បានចាប់ផ្តើមសាកល្បងផលិតមាសរបស់ខ្លួន បាន២០គីឡូក្រាម ដោយក្នុង១ដុំ មានទម្ងន់១គីឡូក្រាម។ លោក បានបន្ថែមថា នេះជាក្រុមហ៊ុនធុនមធ្យម ផែនការក្នុងឆ្នាំដំបូងនៃគម្រោងផែនការអាជីវកម្ម គ្រោងផលិត ៣៤០គីឡូក្រាម ក្នុង១ឆ្នាំ។ បើគិតជាសួយសារចូលរដ្ឋជិត ៦០ម៉ឺនដុល្លារក្នុង១ឆ្នាំ។ ក្រុមហ៊ុននេះ កំពុងធ្វើអាជីវកម្មនៅស្រុករៀង ខេត្តព្រះវិហារ។

ទាក់ទងនឹងអាជីវកម្មរ៉ែមាសនេះ មានក្រុមហ៊ុនចំនួន៧ ដែលបានទទួលអាជ្ញាប័ណ្ណអាជីវកម្ម ដើម្បីផលិតរ៉ែមាស ពីក្រសួងរ៉ែ និងថាមពល។ បើតាមការបញ្ជាក់ របស់ លោក អ៊ឹង ឌីប៊ូឡា បានបន្ថែមទៀតថា បច្ចុប្បន្ន កម្ពុជាមិនទាន់មានអាជីវកម្មរ៉ែមាស នៅខេត្តរតនគិរីទេ មានតែអាជ្ញាបណ្ណស្វែងរុករករ៉ែមាសចំនួន៣ ក្នុងនោះចំនួន២ គឺក្រុមហ៊ុនមកពីកាណាដា Angkor Gold និងមួយទៀតនោះ ក្រុមហ៊ុនមកពីប្រទេសចិន។

គូសបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals ដែលជាក្រុមហ៊ុន របស់ប្រទេសអូស្ត្រាលី ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្រុមហ៊ុនខ្នាតអន្តរជាតិនេះ បានចាប់ផ្ដើមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕

ដោយ៖ មឿន ឌីណា (Moeun Dyna)