ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកទឹកចិត្ត និងស្វាគមន៍អ្នកវិនិយោគថៃដែលមានសក្តានុពលកាន់តែច្រើនមកកាន់កម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ខណៈពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរបានកើនឡើងពី ៣.៤៩ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៣.៨៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ (កើនឡើង ១០.៤%)។
លោក ប៉ាន សូរស័ក្តិ ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ឆ្ពោះទៅរកផលប្រយោជន៍ និងវិបុលភាពទៅវិញទៅមក។
លោក បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូថៃ ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា និងបានសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមធ្វើជាអធិបតីក្នុងកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារដ៏មានសារៈសំខាន់ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ ដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនងធុរកិច្ច ជំរុញពាណិជ្ជកម្ម និងបង្កើនទំហំវិនិយោគរវាងប្រទេសទាំងពីរ។
ទាក់ទងនឹងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ថៃ លោក រដ្ឋមន្រ្តី បានលើកទឹកចិត្តអ្នកវិនិយោគថៃនៅកម្ពុជា ឱ្យចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីប្រើប្រាស់សក្តានុពលធុរកិច្ចរបស់កម្ពុជាឱ្យបានពេញលេញ។
នៅក្នុងជំនួបនោះ លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ បានលើកឡើងឱ្យដឹងថា គោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃនាពេលនេះ គឺដើម្បីបង្កើនឱកាសពាណិជ្ជកម្ម ពង្រីកបណ្តាញទីផ្សារតាមរយៈពិព័រណ៍ពាណិជ្ជកម្មមានគុណភាពខ្ពស់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។
លោក បានគូសបញ្ជាក់ថា ជាងនេះទៅទៀត ទស្សនកិច្ចពាណិជ្ជកម្ម និងពិព័រណ៍ពាណិជ្ជកម្មនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ជាមួយដៃគូអាជីវកម្មនានាក្នុងប្រទេសកម្ពុជា ដូចជា សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសមាគមពាណិជ្ជកម្មនានា ដើម្បីអញ្ជើញធុរជនកម្ពុជា-ថៃ ជួបគ្នាក្នុងគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃបន្ថែមទៀត។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ក្នុងនាមតំណាងឱ្យវិស័យឯកជន មានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួម កិច្ចប្រជុំជាមួយគណៈប្រតិភូធុរកិច្ចនៃសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាធុរកិច្ចកម្មថៃ។ លោក បានលើកឡើងបន្តថា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការផ្គូផ្គងធុរកិច្ចរវាងប្រទេសទាំងពីរ ដើម្បីធានាលំហូរនៃអាជីវកម្ម និងការវិនិយោគជាដើម តួយ៉ាងដូចជា ការរៀបចំ កិច្ចប្រជុំពិភាក្សាការងារនេះ រួមទាំងការផ្គូផ្គងអាជីវកម្មរវាងប្រទេសទាំងពីរផងដែរ ដែលនឹងនាំមកនូវផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ភាគីទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ លោក លឹម ហេង បានលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនទាំងអស់ឱ្យចូលរួមយ៉ាងសកម្ម និងស្វែងរកដៃគូវិនិយោគរបស់ខ្លួនបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងទទួលបានលទ្ធផលជាផ្លែផ្កា នាពេលអនាគត។
ក្នុងឆមាសទី១ ឆ្នាំ២០២២ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសកម្ពុជា-ថៃ មានទឹកប្រាក់សរុប ២,២៩៧.១លានដុល្លារកើនឡើង ២២,៨% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២១ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅថៃ មានទឹកប្រាក់ ៤៩៥.៧៨លានដុល្លារ កើនឡើង ៣៦,៧% និងការនាំទំនិញពីប្រទេសថៃ មកកម្ពុជា មានទឹកប្រាក់ ១,៨០១.៣១លានដុល្លារកើនឡើង ១៩,៥%។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)