ព្រះសីហនុ៖ រាជរដ្ឋាភិបាល បានអនុញ្ញាតជាតិគោលការណ៍ឱ្យក្រុមហ៊ុនចម្រុះខ្មែរនិងបរទេសចំនួន ២៣ក្រុមហ៊ុន អភិវឌ្ឍន៍លើកោះចំនួន ១៩កោះ ក្នុងចំណោម ៣២កោះ នៅខេត្តព្រះសីហនុ សម្រាប់ការអភិវឌ្ឍជាតំបន់ទេសចរណ៍ សណ្ឋាគារ និងរមណីយដ្ឋានផ្សេងទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បើតាមការថ្លែងឱ្យដឹងពី លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ។
នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ស្តីពីការធ្វើបច្ចុប្បន្នភាពព័ត៌មាន និងសន្តិសុខលម្ហសមុទ្រកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ លោក គង់ វិតាណៈ បានឱ្យដឹងថាខេត្តព្រះសីហនុ មានកោះចំនួន៣២ ដែលក្រុមហ៊ុនទទួលបានការអភិវឌ្ឍរួមមាន៖
-ក្រុងព្រះសីហនុ មានកោះចំនួន៥ មានក្រុមហ៊ុនចំនួន៤ វិនិយោគលើកោះ៤
-ក្រុងកោះរ៉ុង មានកោះ១៩ មានក្រុមហ៊ុនចំនួន៧ វិនិយោគលើកោះចំនួន៩
-ស្រុកព្រៃនប់ មានកោះចំនួន៧ មានក្រុមហ៊ុនចំនួន១២ វិនិយោគលើកោះចំនួន៦
-ស្រុកស្ទឹងហាវ មានកោះចំនួន១។
លោក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) ប្រធានក្រុមការងារបច្ចេកទេស និងជាអគ្គលេខាធិការរង គ.ជ.ស.ស បានប្រាប់ទៅ ក្រុមការងារត្រូវការទិន្នន័យថ្មីៗបន្ថែម ដើម្បីធ្វើការផ្ទៀងផ្ទាត់ ពិសេសការវិនិយោគនៅលើកោះ និងផលប៉ះពាល់ទៅលើវិស័យការពារជាតិ។ លោក បន្តថា ព្រោះគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រមានវិសាលភាពក្នុងការគ្រប់គ្រងគ្របដណ្ដប់ក្នុងការឆ្លើយតបការទទួលខុសត្រូវរបស់ខ្លួនក្នុងតួនាទីចូលរួមការពារជីវៈចម្រុះបាតសមុទ្រ និងកិច្ចគាំ ពារបរិស្ថានផងដែរ។
លោក សួន សំណាង បានបន្តទៀតថា ចំណុចទាក់ទងការងារពីរឆ្នាំ យើងរៀបចំឡើងវិញស្របតាមគោលនយោបាយជាតិសន្តិសុខលម្ហសមុទ្រ ទាមទាឱ្យក្រុមការងារប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងដែនសមុទ្រកម្ពុជា។
ពាក់ព័ន្ធទៅនឹងការអនុញ្ញាត ឱ្យមានការវិនិយោគកោះចំនួន១៩ ទៅឱ្យក្រុមហ៊ុនទាំង២៣ អភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ និងរមណីយដ្ឋាន មានក្រុមហ៊ុនចម្រុះ មានទាំងក្រុមហ៊ុនរុស្ស៊ី ក្រុមហ៊ុនចិន ក្រុមហ៊ុនបារាំង និងក្រុមហ៊ុនខ្មែរជាដើម។ បើតាមការថ្លែងរបស់ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមហ៊ុនទាំង២៣ មានក្រុមហ៊ុនដែលទទួលបានការវិនិយោគទៅលើកោះទាំងមូល ក្រុមហ៊ុនខ្លះ វិនិយោគ ១ផ្នែកនៃកោះ ក្រុមហ៊ុនខ្លះទៀត វិនិយោគលើទំហំដី ១០ហិកតា ដែលចេញគោលការណ៍អនុញ្ញាតពីក្រសួងបរិស្ថាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)