ភ្នំពេញ៖ កម្ពុជា បានទទួលហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលចិន ៧លានប៊ីដុល្លារ នៅឆមាសទី២ ឆ្នាំ២០២២។ បើតាមការថ្លែងឱ្យដឹងពី លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។
នៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការ នូវរបាយការណ៍នៃការសិក្សាផែនការមេ ស្តីពី «ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា» កាលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ លោក រស់ សីលវ៉ា បានលើកឡើងបន្តថា ការគាំទ្ររបស់រដ្ឋាភិបាលចិន ដើរតួយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងដោះស្រាយបញ្ហាប្រឈមផ្នែកសង្គម។ លោក បានបញ្ជាក់ថា ពិសេស រួមចំណែកទាក់ទាញវិនិយោគ ជំរុញការនាំចេញ បង្កើតការងារលើកកម្ពស់ការអប់រំ និងជំនាញលើកកម្ពស់សមភាពយេឌ័រ ការឆ្លើយតបការប្រែប្រួលអាការធាតុ និងបរិស្ថានជាដើម។
លោក រស់ សីលវ៉ា បានលើកឡើងបន្តថា ចំណែកឥណទានសម្បទានរបស់រដ្ឋាភិបាលចិន ត្រូវបានកម្ពុជាយកទៅប្រើប្រាស់ និងគាំទ្រគម្រោងនៃវិស័យអាទិភាពមួយចំនួន ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះសម្រាប់វិស័យដឹកជញ្ជូនបានស្រូបយកហិរញ្ញប្បទានធំជាងគេ ជាពិសេសគម្រោងសាងសង់ផ្លូវជាតិ ស្ពាន កំពង់ផែ និងអាកាសយានដ្ឋានជាដើម។
ជាក់ស្តែងគិតត្រឹមពេលនេះ ផ្លូវជាតិជាង ៣០០០គីឡូម៉ែត្រ និងស្ពានឆ្លងទន្លេចំនួន៨ ដែលបានសាងសង់ឡើងក្រោមហិរញ្ញប្បទានប្រទេសចិន ខណៈផ្លូវល្បឿនប្រទេសចិន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានស្ថាបនាឡើង គឺស្ថិតនៅក្រោមគម្រោងទាំងនេះ ហើយនឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗផងដែរ។ បើតាមការលើកឡើងបន្ថែមរបស់ លោក រស់ សីលវ៉ា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)