Register Already an agent ? Login

កម្ពុជា-កាតា ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងពង្រីកពាណិជ្ជកម្ម និងការវិនិយោគ

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសកម្ពុជា-កាតា បានឯកភាពគ្នាក្នុងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍ និងការជំរុញឱ្យចាប់ផ្ដើមមានទំនាក់ទំនងផ្នែកធុរកិច្ចផងដែរ។

ការឯកភាពគ្នានេះធ្វើឡើងនាឱកាស លោក Sheikh Mohammed bin Abdulrahman al-Thani រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកាតា ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាធានីភ្នំពេញ ដោយបានជួបពិភាក្សាទ្វេភាគីជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣ ខែសីហា ​ឆ្នាំ២០២២។

លោក ប្រាក់ សុខុន បានស្នើប្រទេសកាតា បញ្ជូនគណៈប្រតិភូចូលរួមក្នុងពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាចេញចូល-នាំចូលកម្ពុជា លើកទី១៥ ដែលនឹងធ្វើនៅរាជធានាភ្នំពេញ ចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២២។ ជាមួយគ្នា លោក បានស្នើឱ្យមានការចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ផងដែរ។

ក្រោយពីបញ្ចប់ជំនួបជាមួយ លោក ប្រាក់ សុខុន រួចមក លោក Sheikh Mohammed bin Abdulrahman al-Thani ក៏បានចូលជួបពីពិភាក្សាជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃដដែលផងដែរ។

បច្ចុប្បន្ន ទំនាក់ទំនងទ្វេភាគីរបស់យើងមានភាពល្អប្រសើរទៅមុខ ហើយទស្សនកិច្ចរបស់ លោក Sheikh Mohammed នាពេលនេះ នឹងរួមចំណែកក្នុងការពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសពង្រីកទំនាក់ទំនងរវាងប្រទេសកាតា និងប្រទេសអាស៊ានផងដែរ។ បើតាមប្រសាសន៍បញ្ជាក់របស់ សម្ដេចតេជោ។

នេះគឺជាឱកាសដ៏ល្អដែលខ្ញុំបានមកប្រទេសកម្ពុជានាពេលនេះ ហើយខ្ញុំពិតជាចង់ឃើញនូវដំណើរការវិវត្តនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ បើតាមការលើកឡើងរបស់ លោក Sheikh Mohammed បានបន្តថា រហូតមកដល់ពេលនេះ ទំនាក់ទំនងប្រទេសទាំងពីរចាប់ផ្ដើមមានភាពល្អប្រសើរ។

ជាមួយគ្នានោះ នៅមានសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំពីរអាចសហការគ្នា ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច។ បើតាមការបញ្ជាក់របស់ លោក Sheikh Mohammed បានបន្ថែមថា បច្ចុប្បន្នយើងមានកិច្ចសហប្រតិបត្តិការគ្នាខ្លះហើយលើវិស័យអប់រំ ហើយនឹងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀតនៅពេលខាងមុខ។

លោក ជម្រាបជូនសម្ដេចតេជោថា ខ្ញុំបានជួបពិភាក្សាជាមួយ នឹងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា​ រួចហើយ ហើយក្នុងជំនួបនោះ អ្វីដែលខ្ញុំចាប់អារម្មណ៍គឺ ប្រទេសកាតាអាចមានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាទៅលើវិស័យទេសចរណ៍ និងការពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ។ លោក Sheikh Mohammed បានប្ដេជ្ញាចិត្តថា នឹងជំរុញឱ្យមានគណៈប្រតិភូធុរកិច្ចមកប្រទេសកម្ពុជានាពេលខាងមុខ ដើម្បីជួបពិភាក្សាជាមួយធុរកិច្ចកម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ចនេះតែម្ដង។

នៅក្នុងជំនួបនោះ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ទៀតថា ប្រទេសយើងទាំងពីរគឺនៅមានសក្តានុពលជាច្រើន ដែលយើងអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្នាបាននាពេលខាងមុខ។ ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ សម្តេចតេជោ បានមានប្រសាសន៍ថា ប្រទេសកាតាពិតជាមានភាពរឹងមាំ ជាពិសេសប្រទេសកាតា គឺមានសមត្ថភាពក្នុងការពង្រឹងជើងហោះហើរ ហើយប្រទេសកាតា គឺមានភូមិសាស្រ្តនៅមជ្ឈិមបូព៌ា ដែលអាចធ្វើការហោះហើរមកកម្ពុជាដោយផ្ទាល់បាន។

ប្រទេសកាតាអាចគាំទ្រ ជាពិសេសធ្វើឱ្យមានជំនួបរវាងអ្នកធុរកិច្ច និងធុរកិច្ចនៃប្រទេសទាំងពីរ ដូចជាអោយអ្នកធុរកិច្ចនៃប្រទេសទាំងពីរអាចចូលរួមក្នុងការតាំងពិព័រណ៍ ពាណិជ្ជកម្មក្នុងខែ១២ ចុងឆ្នាំនេះផងដែរ ធ្វើយ៉ាងណាជំរុញផ្នែកធុរកិច្ច និងធុរកិច្ចឱ្យមានទំនាក់ទំនងគ្នា។ បើតាមប្រសាសន៍បន្តរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកទឹកចិត្តឱ្យប្រទេសកាតាជំរុញដល់វិស័យឯកជន ដើម្បីមកធ្វើការរួមគ្នាជាមួយវិស័យឯកជននៅប្រទេសកម្ពុជា។ ជាមួយគ្នានោះ ចង់ឃើញអ្នកវិនិយោគប្រទេសកាតាមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនាំចេញទៅកាន់ទីផ្សារបរទេស ពិសេសពាក់ព័ន្ធទៅនឹងវិស័យស្បៀង ដូចជាស្រូវ អង្ករតែម្ដង។ សម្ដេចតេជោ ក៏បានជំរុញឱ្យប្រទេសកាតាអាចមកវិនិយោគលើវិស័យនេះ ហើយធ្វើការនាំទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

លោក រដ្ឋមន្ត្រីការបរទេសកាតា បានថ្លែងអរគុណសម្ដេចតេជោ ចំពោះអនុសាសន៍ដ៏មានអត្ថន័យក្នុងការពង្រឹងទំនាក់ទំនងក៏ដូចជាការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោក បានសន្យាថា នឹងបញ្ជូនអ្នកធុរកិច្ចពីប្រទេសកាតាមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការជាមួយធុរកិច្ចកម្ពុជាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក៏ដូចជា វិនិយោគទៅលើវិស័យអ្វីដែលប្រទេសទាំងពីរអាចសហការគ្នាបាន។

 លោក ក៏បានសន្យាបន្តទៀតថា នឹងជំរុញឱ្យមានការហោះហើរឡើងវិញ តភ្ជាប់រវាងកម្ពុជា និងប្រទេសកាតាផងដែរដើម្បីធ្វើយ៉ាងណាជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ភាពល្អប្រសើរផងដែរនៅពេលខាងមុខ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)