Register Already an agent ? Login

កម្ពុជា នាំចេញអង្ករនិងស្រូវ ទទួលបានចំណូលជាង ៧០៥លានដុល្លារ ៧ខែឆ្នាំ២០២២

ភ្នំពេញ៖ រយៈពេល៧ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានចំណូលពីការនាំចេញអង្ករនិងស្រូវ ចំនួន ៧០៥.១៤លានដុល្លារ។ បើតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

នៅក្នុងរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបន្តឱ្យដឹងបន្តថា ការនាំចេញអង្ករចេញចំនួន ៣៥០,៩០២តោន គិតជាទឹកប្រាក់ចំនួន ២១៨.១៧លានដុល្លារ។

ការនាំអង្ករទៅទីផ្សារអន្តរជាតិ មានចំនួន ៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៦ប្រទេស រួមមាន៖

ប្រទេសចិន ម៉ាកាវ និងហុងកុង បានចំនួន ១៦៩,៧៦៦តោន ស្មើនឹង ៤៨.៣៨% នៃការនាំចេញសរុបដែលគិតជាទឹកប្រាក់ចំនួន ៨៩.០៩លានដុល្លារ។ នាំចេញទៅកាន់ប្រទេស នៅក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន ២៥ប្រទេស បានបរិមាណចំនួន ១២២,៨៤២តោន ស្មើនឹង៣២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ ចំនួន ៨៦.០៨លានដុល្លារ។

ជាមួយគ្នានោះ នាំចេញទៅកាន់ប្រទេសអាស៊ានចំនួន ៤ប្រទេស ចំនួន ២៩,៩៥៧តោន ស្មើនឹង ៩% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ចំនួន ២០.០៨លានដុល្លារ និងបណ្តាលគោលដៅផ្សេងៗទៀត ចំនួន ២៤ប្រទេស ចំនួន២៨,៣៣៧តោន ស្មើនឹង ១០.៦២% គិតជាទឹកប្រាក់ ២២.៩២លានដុល្លារ។

ការនាំចេញសរុបមានកំណើន ១៣.២៤% បើប្រៀបធៀបទៅនឹងការនាំចេញ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ បើតាមការបញ្ជាក់ នៅក្នុងរបាយការណ៍ខាងលើ បានបន្តថា ៧ខែកន្លងមកនេះ អង្ករក្រអូបគ្រប់ប្រភេទបាននាំចេញចំនួន ៦៣.៦៤% អង្ករស ចំនួន ៣២.៤២% អង្ករចំហុយចំនួន ២.២៣% អង្ករសរីរាង្គចំនួន ១.៧% និងអង្ករដំណើបបានចំនួន ២៣តោន។

បើតាមការរបាយការណ៍ដដែលបានបន្ថែមថា ក្នុងរយៈពេល៧ខែ កម្ពុជា បាននាំចេញស្រូវទៅប្រទេសវៀតណាម បានចំនួន ១,៩៥០,៩៨៦តោន ដែលគិតជាទឹកប្រាក់ប្រមាណ ៤៨៧.២៤លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)