ភ្នំពេញ៖ ប្រទេសកម្ពុជា កំពុងទទួលបាននូវកំណើនការមបណ្ដាក់ទុនជាបន្តបន្ទាប់លើគ្រប់វិស័យ ដោយរាប់ចាប់ពីប្រភេទរោងចក្រ/សហគ្រាសធុនស្រាល មធ្យម និងធុនធំ។ កត្តាសំខាន់ៗចំនួន ១០ ដែលធ្វើឱ្យកម្ពុជាអាចទាក់ទាញការបណ្ដាក់ទុនថ្មីៗកាន់តែច្រើន។ បើតាមការគូសបញ្ជាក់របស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា។
លោក លឹម ហេង បានលើកឡើងកត្តាទាំង១០ ដែលកម្ពុជាទួលបានការបណ្ដាក់ទុនថ្មីៗកាន់តែច្រើនរួមមាន៖ នយោបាយមានស្ថិរភាព, ច្បាប់វិនិយោគថ្មីមានលក្ខណៈអំណោយផលដល់វិនិយោគិន, មានទីផ្សារនាំចេញធំទូលាយ, មានកម្លាំងពលកម្មសម្បូរបែប, មានផ្លូវដឹកជញ្ជូនល្អ និងមានកំពង់ផែសមុទ្រទឹកជ្រៅ, មានភាពអនុគ្រោះ (ពន្ធ) ពីទីផ្សារប្រទេសធំ, និងជាពិសេសកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន។
ជាមួយគ្នានេះ អត្រាដ៏ខ្ពស់នៃប្រជាជនដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ផ្តល់នូវទំនុកចិត្តសម្រាប់អ្នកវិនិយោគផងដែរ។ បើតាមការ លើកឡើងបន្តរបស់ លោក លឹម ហេង បានបន្តទៀតថា ខ្ញុំគិតថា នៅក្នុងបរិបទនេះ និងទៅអនាគត កម្ពុជានឹងបន្តទទួលបានការមកបណ្ដាក់ទុនកាន់តែច្រើន។ ជាក់ស្តែង នៅកម្ពុជាក្នុងពេលនេះក៏មានរោងចក្រដំឡើងរថយន្ត និងផលិតគ្រឿងបង្គំអេឡិចត្រូនិក និងផលិតផលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗជាច្រើន។
កំណើននៃការបណ្ដាក់ទុនបើករោងចក្រ និងឧស្សាហកម្មផលិត និងកែច្នៃកំពុងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ។ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២២ កម្ពុជានាំទំនិញទៅទីផ្សារអន្តរជាតិក្នុងតម្លៃសរុប ១១,៣៧៩.១២លានដុល្លារ កើនឡើង ៣៣.៩% បើធៀបគ្រាដូចគ្នាឆ្នាំ២០២១ ដែលមានតម្លៃ ៨,៤៩៧.៣៩លានដុល្លារ។
លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា អ្វីដែលជាការកត់សម្គាល់នៅពេលនេះ គឺភាគច្រើននៃគម្រោងវិនិយោគថ្មីៗ គឺមានទឹកប្រាក់កាន់តែច្រើន និងមានការប្រែក្លាយពីឧស្សាហកម្មអតិពលកម្ម ឈានទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា។
លោក បានអះអាងថា នេះជាអ្វីដែលគ្រប់ប្រទេសចង់បាន ព្រោះវាអាចផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់សេដ្ឋកិច្ច។ ភាពទាក់ទាញនេះនឹងមានកម្លាំងកាន់តែខ្លាំងប្រសិនបើកម្ពុជាអាចធ្វើយ៉ាងណាធ្វើឱ្យតម្លៃដើមផលិតក្នុងស្រុកកាន់តែទាប។ ទន្ទឹមនឹងការទទួលបានគម្រោងវិនិយោគថ្មីៗកាន់តែច្រើននិងទុនវិនិយោគកាន់តែធំ កម្ពុជាក៏ត្រូវខំបន្ថែមទៀតក្នុងការកាត់បន្ថយការិយាធិបតេយ្យ និងរិះរកនូវវិធីសាស្ត្រដើម្បីបង្កើតពលកម្មជំនាញឱ្យកាន់តែច្រើន។
គម្រោងវិនិយោគចំនួន ៨ ដែលមានទុនវិនិយោគសរុបជាង ១១៧លានដុល្លារ និងបង្កើតការងារជិត ៨ពាន់កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យវិនិយោគក្នុងអំឡុងខែកក្កដា។ ក្នុងចំណោមគម្រោងវិនិយោគទាំង៨ គឺមាន៤ ស្ថិតក្នុងវិស័យកាត់ដេរ និង ៤ទៀត រួមមានគម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា, គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ, គម្រោងបង្កើតរោងចក្រផលិត និងកែច្នៃបំពង់ទីបដែក និងកែច្នៃតំណបំពង់ទីបដែកគ្រប់ប្រភេទ, និងគម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ៕
ប្រភព៖ postkhmer.com
ដោយ៖ មឿន ឌីណា (Moeun Dyna)