Register Already an agent ? Login

នៅចុងឆ្នាំ២០២២កម្ពុជា នឹងទទួលបានកំណើនវិនិយោគចិនជាច្រើន ខណៈរដ្ឋាភិបាលចិនបន្ធូរបន្ថយលំហូរមូលធនចេញពីប្រទេស

ភ្នំពេញ៖ នៅចុងឆ្នាំ២០២០២ វិនិយោគិនចិន ជាច្រើននឹងមកប្រទេសកម្ពុជា ខណៈដែល រដ្ឋាភិបាលចិន នឹងបន្ធូរបន្ថយនូវលំហូរមូលធន ចេញពីប្រទេសនាពេលខាងមុខនេះ ព្រោះប្រសិន​ជារដ្ឋាភិបាលចិនបន្តបិទខ្ទប់ប្រទេស និងលំហូរមូលធន នឹងធ្វើឱ្យ​សេដ្ឋកិច្ចចិន​ប្រឈមការលំបាកកាន់តែធ្ងន់ធ្ងរ។ យោងតាមប្រភពពីថ្នាក់ដឹកនាំសមាគមចិនមួយ នៅកម្ពុជាបាននិយា​យឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

មិត្តភាពដែកថែប នៃទំនាក់ទំនងល្អ​រវាងមេដឹកនាំកម្ពុជា ចិន និងគោលនយោបាយខ្សែក្រវាត់និងផ្លូវ នឹងធ្វើឱ្យកម្ពុជាក្លាយជាមូលដ្ឋាន នៃការវិនិយោគរបស់អ្នកវិនិយោគចិន កាន់តែច្រើននាពេលអនាគត។ បើតាមការលើកឡើងរបស់ លោក Kong Jian Ming ប្រធានក្រុមហ៊ុនJOVAN Group។

លោក Kong Jian Ming ដែលបានបោះទុនប្រមាណ ១០០០លានដុល្លារ សាងសង់បុរីឈ្មោះ JOVAN CITY នៅជាយរាជធានីភ្នំពេញ បានលើកឡើងបន្តថា នៅពេលខាងមុខទីក្រុងភ្នំពេញ នឹងមានមនុស្សរស់នៅចន្លោះពី៦ទៅ៨លាននាក់ វានឹងធ្វើឲ្យទីផ្សារបុរី និងសេវាកម្មជាច្រើនទៀតនឹងរីកចម្រើន និងមានតម្រូវការខ្ពស់នាពេលអនាគត។

ភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅតែមានកំណើនរ៉ឹងមាំ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ​រយៈពេលវែង រាជធានីភ្នំពេញ នៃប្រទេសកម្ពុជានឹងក្លាយជាមូលដ្ឋាន សម្រាប់ក្រុមហ៊ុនអន្តរជាតិធំៗ ជ្រើសរើសធ្វើជាទីតាំងការិយាល័យកណ្តាល​នាពេលអនាគត។ បើតាមការលើកឡើងរបស់ លោក Ken Lo អគ្គនាយកក្រុមហ៊ុន Coldwell Banker ជាក្រុមហ៊ុនលំដាប់អន្តរជាតិ បានចូលមកកាន់ទីផ្សារកម្ពុជា។

លោក បានគូសបញ្ជាក់ថា ការដែលខ្ញុំអះអាងបែបនេះ ដោយសារកម្ពុជា ជាចំណុចកណ្តាលនៃតំបន់អាស៊ាន ដែលការហោះហើរពីកម្ពុជា ទៅកាន់បណ្តាប្រទេសក្នុងតំបន់ ចំណាយពេលមិនលើស ២ម៉ោងឡើយ។ លោក បន្តថា ក្រោយឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះខ្លាំង ដែលពេលនោះទំហំការិយាល័យ ដែលមានស្រាប់នាពេលបច្ចុប្បន្ន មិនអាចឆ្លើយតបនឹងតម្រូវការឡើយ។

លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា អ្នកវិនិយោគចិនកាន់តែច្រើន បានចូលមកកាន់កម្ពុជាបណ្តើរៗហើយ ដោយសារគោលនយោបាយនិងទំនាក់ទំនងដ៏ល្អប្រសើររវាងមេដឹកនាំកម្ពុជា គឺសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងមេដឹកនាំចិន។ លោក បានបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមាន បានធ្វើឱ្យកម្ពុជាក្លាយជាទីតាំងដ៏ល្អសំរាប់វិនិយោគផលិតកម្ម ដើម្បីនាំចេញ។

លោកស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ ក្នុងជំនួបមួយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ថាចំនួនជើងហោះហើររវាងកម្ពុជា ចិនមានការកើនឡើង បច្ចុប្បន្ន ការហោះហើរពីចិន មកកម្ពុជាមាន ៣លើកក្នុង១ថ្ងៃ និងពីកម្ពុជាទៅកាន់ប្រទេសចិន មានចំនួន ៣លើ់កផងដែរ។

លោក បានមានប្រសាសន៍បន្តថា វាជាសញ្ញាវិជ្ជមាន ប៉ុន្តែមិនប្រសើរខ្លាំងនៅឡើយទេ ដោយសារប្រទេសចិននៅបន្តបិទខ្ទប់ទីក្រុងមួយចំនួននៅឡើយ។ លោកបន្តទៀតថា ការបង្កើនជើងហោះហើរច្បាស់ណាស់មានផលវិជ្ជមាន ដែលអ្នកទេសចរណ៍ និងវិនិយោគចិនមកកម្ពុជាមានការកើនឡើង។

ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា វិស័យទេសចរណ៍កម្ពុជាមានសុទិដ្ឋិនិយមច្រើនជាងមុន ដោយសារចំនួនជើងហោះហើរពីបណ្តាប្រទេសនានាបានកើនឡើង ពិសេសនៅចុងឆ្នាំនេះមានភ្ញៀវពីអឺរ៉ុប និងអាមេរិកច្រើន បានកក់ការធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា៕

ប្រភព៖ propertyarea.asia

ដោយ៖ មឿន ឌីណា (Moeun Dyna)