Register Already an agent ? Login

៥ខែកន្លងមកនេះ គម្រោងសាងសង់ជិត ២ពាន់គម្រោងបានអនុម័ត ដោយធ្លាក់ចុះជិត ១០% ធៀបឆ្នាំ២០២១

ភ្នំពេញ៖ ​រយៈពេល​ ៥ខែ​ ដើមឆ្នាំ​២០២២ គម្រោង​ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យ​សាងសង់ មាន​ចំនួន​សរុប ​១,៦៧៩គម្រោង បានធ្លាក់​​ចុះ ៨,២% បើធៀបទៅនឹងឆ្នាំ២០២១ មានចំនួន ១៨២៩គម្រោង។ បើតាម​របាយការណ៍​និន្នាការ​សេដ្ឋកិច្ច​-​សង្គម របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

នៅក្នុងរបាយការណ៍បានឱ្យដឹងបន្តថា ក្នុងនោះ​ប្រភេទ​សំណង់​លំនៅ​ឋាន​មាន ១,៥២៤គម្រោង ​ស្មើនឹង ៩០,៨% ​នៃ​សំណើសុំ​សាងសង់​សរុប បានធ្លាក់​ចុះ ៨៣​គម្រោង ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០២១​។ ចំណែក​ទុនវិនិយោគ​មាន​ចំនួន​សរុប ៩៥២​លាន​ដុល្លារ បានធ្លាក់​ចុះ ៥៩,៥%។

បើតាមរបាយការរបស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងថា ក្នុង​ឆ្នាំ២០២១ ក្រសួង​បានអនុម័ត​លើ​គម្រោង​សាងសង់​ទូទាំងប្រទេស​ចំនួន ៤,៣០៣​គម្រោង និង​មាន​ទុន​​វិនិយោគ​ជាង ៥,៣៣​ពាន់​លាន​ដុល្លារ​។ ទុនវិនិយោគ​នេះ​បើ​ធៀប​នឹង​ឆ្នាំ២០២០ បាន​ថយ​​ចុះ ៣១,២១%។

គូសបញ្ជាក់ថា ទោះបីរាជ​រដ្ឋាភិបាល ​បានប្រកាស​បើក​ប្រទេស​ឡើងវិញ​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០២១ ​សកម្មភាព​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​របស់​កម្ពុជា​ចាប់ផ្តើម​មាន​សម្ទុះ​ឡើងវិញ​ជា​បន្តបន្ទាប់ ក៏​វិស័យ​សំ​​ណង់​មិនទាន់មាន​សញ្ញា​វិជ្ជមាន​នោះទេ។

លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ដែលបានផ្ដល់បទសម្ភាសទៅកាសែតភ្នំពេញប៉ុស្តិ៍ ទាក់ទងនឹងវិស័យសំណង់នេះ បានលើកឡើងថា មិន​ត្រឹមតែ​ធ្វើឱ្យ​គម្រោង​សាង​​សង់​ធំៗ ពិសេស​គម្រោង​ដែលមាន​ម្ចាស់​ជា​អ្នកវិនិយោគ​បរ​​ទេស​ត្រូវ​ជាប់គាំង ឬ​ថយ​ល្បឿន​សាងសង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើឱ្យ​អ្នក​មានបំណង​វិនិយោគ​នៅក្នុង​វិស័យ​សំណង់​ជាច្រើន​សម្រេច​ពន្យារពេល​ដែរ​។

ការ​​វិនិយោគ​លើ​វិស័យ​សំណង់ គឺ​ត្រូវការ​ពេលវេលា​យូរ និង​ទុន​​វិនិយោគ​ច្រើន ដូច្នេះ​វិស័យនេះ​នឹង​មិនមាន​សម្ទុះ​ឡើង​លឿន​ដូច​វិស័យ​មួយចំនួនទៀត​ទេ​។ បើតាមការលើកឡើងរបស់ លោក ហ៊ុយ វណ្ណា បាន​បន្ថែមថា វិបត្តិ​បណ្តា​លពី​កូ​វីដ- ​១៩ ដែល​ពិភពលោក​នៅ​មិនទាន់​អាច​គ្រប់គ្រង​បាន​ក្នុងពេល​បច្ចុប្បន្ន ​នឹង​បន្ត​ជះឥទ្ធិពល​អវិជ្ជមាន​ប​ន្ត​ទៀត​ក្នុង​វិស័យ​សំណង់​នៅ​គ្រប់​ប្រទេស​លើ​ពិ​​ភព​លោក រួមទាំង​កម្ពុជាផងដែរ​។

​សម្រាប់​រយៈ​​ពេល​ខ្លី​វិស័យ​សំណង់​នៅ​កម្ពុជា នឹងមិន​អាចមាន​សម្ទុះ​ឡើងវិញ​ទេ ពិសេស​សំណង់​ធំៗ​ដែលមាន​ម្ចាស់​ជា​អ្នកវិនិយោគ​បរ​​ទេស​។ សម្រាប់​សំណង់​លំនៅ​​ឋាន​ដែល​វិនិយោគ​ដោយ​អ្នក​​នៅក្នុង​ស្រុក គឺមាន​ដំណើរ​ទៅមុខ​ជាធម្មតា ព្រោះ​តម្រូវការ​នេះ គឺ​នៅតែមាន​ជាប្រចាំ​។​ បើតាមគូសបញ្ជាក់ របស់ ហ៊ុយ វណ្ណា បានបន្ថែមទៀតថា វិស័យ​សំណង់​នៅ​កម្ពុជា ពិសេស​សំណង់​ធំៗ នឹងមាន​សម្ទុះ​ឡើងវិញ​នៅពេលដែល​ការធ្វើដំណើរ​របស់​អ្នក​វិ​និ​​យោគ និង​ភ្ញៀវទេសចរ​មាន​ចំនួន​ច្រើន​ដូច​មុនពេល​មាន​វត្តមាន​របស់​ជំងឺ​កូ​វីដ -១៩​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)