Register Already an agent ? Login

ក្រុមហ៊ុនចិន គ្រោងធ្វើរោងចក្រផលិតកង់កៅស៊ូរថយន្ត ទុនវិនិយោគជាង ៣០០លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ភ្នំពេញ៖ នៅឆ្នាំ២០២៣ ក្រុមហ៊ុនរបស់ចិន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សីន គ្រោងសាងសង់រោងចក្រចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទុនវិនិយោគជាង ៣០០លានដុល្លារ។ បើតាមឱ្យដឹងពី លោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវិនិយោគ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

នៅក្នុងជំនួបពិភាក្សាការងារ និងសម្ដែងការគួរសម ជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោក ឈិន ចៀនកាង បានលើកឡើងឱ្យដឹងថា សម្រាប់ខែមករា ដល់ខែមិថុនាឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបាន ១,៣៧៤លានដុល្លារ បានកើនឡើង ៣៨,២៣% បើប្រៀបធៀបនឹងឆ្នាំមុន។

លោក បានលើកឡើងបន្ត ភាពរីកចម្រើនទាំងនេះ ក៏មានការគាំទ្រ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ និងលើកទឹកចិត្តចំពោះអ្នកវិនិយោគដែលបានមកធ្វើការបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។

ប្រធានក្រុមប្រឹក្សាភិបាលរូបនេះ បានលើកឡើងបន្ថែមថា បន្ទាប់ពីមានការរាតត្បាតជាសកលនៃសកល តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានខិតខំធ្វើការទប់ស្កាត់ និងបានធានានូវសង្វាក់ផលិតកម្មផង។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសមកពី អឺរ៉ុប អាមេរិក ចិន និងអាស៊ីអាគ្នេយ៍សរុបចំនួន ១៧០ ហើយបានបង្កើតឱកាសការងារជិត ៣០,០០០កន្លែង។

ក្នុងជំនួបនោះ លោក អ៊ិត សំហេង បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានខិតខំរក្សាការវិនិយោគ ថែមទាំងបានពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត បើទោះបីស្ថិតក្នុងស្ថានភាពលំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំនេះយ៉ាងនេះក្តី។

ការរក្សាបាននូវភាពរឹងមាំនៃការអភិវឌ្ឍ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាការបញ្ជាក់ពីទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន។ បើតាមការលើកឡើងបន្តរបស់ លោក អ៊ិត សំហេង បានបន្ថែមថា ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជា កំពុងសិក្សានូវគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុចំនួនពីរធំៗ គឺវិស័យឧស្សាហកម្ម និងសេវាកម្ម។ គម្រោងផ្លូវល្បឿនលឿន ក៏ស្នូរនៃការអភិវឌ្ឍដោយមានការរួមចំណែកពីរដ្ឋាភិបាលចិន ដើម្បីសម្រួលដល់ការធ្វើដំណើរឲ្យបានឆាប់រហ័សផងដែរ។ បើតាមការបញ្ជាក់របស់ លោក អ៊ិត សំហេង។

ជាការឆ្លើយតបទៅនឹងដំណឹងរីករាយនេះ លោក អ៊ិត សំហេង រំពឹងថាការបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយនេះ ពិតជាបានផ្តល់នូវផលប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាកសិករខ្មែរដាំដំណាំកៅស៊ូ ដើម្បីផ្តល់ជូនដល់ក្រុមហ៊ុន ព្រមជាមួយកម្លាំងពលកម្មរាប់ពាន់នាក់បន្ថែមទៀត ដែលជាតម្រូវការសម្រាប់ផ្គត់ផ្គង់ចង្វាក់ផលិតកម្មបន្ថែមរបស់ក្រុមហ៊ុន។

ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាន់តែងាយស្រួលក្នុងការនាំចេញ និងនាំចូលផលិតផលជាច្រើនរវាងប្រទេសទាំងពីរ និងការពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ពិតជាត្រូវការកម្លាំងពលកម្មច្រើនបន្ថែមទៀត។ បើតាមការគូសបញ្ជាក់របស់ លោក អ៊ិត ​សំហេង បានស្នើដល់ក្រុមហ៊ុនឱ្យបន្តកិច្ចសហការជាមួយខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំឱ្យមានការបណ្តុះបណ្តាលមួយដែលមានគុណភាព ដោយសហការជាមួយសាកលវិទ្យាល័យរបស់ចិន ដើម្បីធ្វើការបណ្តុះបណ្តាល និងជ្រើសរើសសម្រាប់បំពេញតម្រូវការ របស់ក្រុមហ៊ុនផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)