Register Already an agent ? Login

សិង្ហបុរី បានបោះទុនវិនិយោគនៅកម្ពុជាប្រមាណ ១,៥៣ប៊ីលានដុល្លារ គិតត្រឹមខែមិថុនា ឆ្នាំ២០២២

ភ្នំពេញ៖ គិតត្រឹមខែមិថុនា ឆ្នាំ២០២២ គម្រោងវិនិយោគរបស់សិង្ហបុរី ដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) មានទំហំទឹកប្រាក់សរុប ១,៥៣ប៊ីលានដុល្លារ។ គម្រោងដែលកំពុងប្រតិបត្តិការមានចំនួន ១២៧គម្រោង នៅក្នុងវិស័យទេសចរណ៍ កម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ​ និងវិស័យផ្សេងៗមួយចំនួនទៀត។

លោកស្រី តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានលើកឡើងថា សិង្ហបុរីស្ថិតនៅក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំង៥ របស់កម្ពុជា​ដែលភាគច្រើនវិនិយោគទៅលើវិស័យ អចលទ្រព្យ ថាមពល ពាណិជ្ជកម្ម ម្ហូបអាហារ ការអប់រំ និងហិរញ្ញវត្ថុ។ ប្រទេសទាំងពីរមានការតភ្ជាប់ជើងហោះហើរចំនួន ៣៥ជើងក្នុងមួយសប្តាហ៍។

តាមរយៈជំនួបតាមប្រព័ន្ធវីឌីអូ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ជុំវិញប្រធានបទ «ស្វែងយល់ពីកម្ពុជា៖ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា» លោកស្រី តែវ ឡាយឆេង បានលើកឡើងបន្តថា កម្ពុជា មានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅអាស៊ី និងអាចស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយសម្រេចនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។

ឯកអគ្គរដ្ឋទូតរូបនេះ បានលើកឡើងបន្ថែមថា កម្ពុជា បានងើបចេញពីជំងឺសកល បន្ទាប់ពីបានសម្រេចជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយត្រូវបានរំពឹងនឹងមានកំណើនសេដ្ឋកិច្ចដែលមានកម្រិតខ្ពស់ដូចឆ្នាំមុន។

សិក្ខាសាលាខាងលើ លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណ ដល់វិនិយោគិន និងធុរជនសិង្ហបុរី ដែលបានជ្រើសរើសកម្ពុជាក្នុងការបណ្ដាក់ទុននានាកន្លងមក។ លោក សុខចិន្ដាសោភា បានបង្ហាញពីបរិយាកាសវិនិយោគនៅកម្ពុជា ច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន និងមានភាពអំណោយផល សម្រាប់វិនិយោគិនសិង្ហបុរី ចាប់យកឱកាសក្នុងវិស័យកសិ-ចំណីអាហារ សេវាកម្ម និងកម្មន្តសាលជាដើម។ លោក បានបញ្ជាក់ថា វិនិយោគិនសិង្ហបុរី មានតួនាទីសំខាន់​ចំពោះកម្ពុជា ជាពិសេសការរួមចំណែកស្តារឡើងវិញ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យបានឆាប់រហ័ស។

ស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងសិង្ហបុរី មានទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២។ ទំហំនេះ មានការធ្លាក់ចុះខ្លាំងក្នុងអត្រា ៣៨,២% បើធៀបនិងរយៈពេលដូចគ្នាកាលឆ្នាំ២០២១ ដែលមានចំនួនជាង ៣,៣៦ពាន់លានដុល្លារ។

បើតាមរបាយការណ៍របស់ CDC ភាគហ៊ុននៃការវិនិយោគផ្ទាល់ពីបរទេសដែលហូរចូលប្រទេសកម្ពុជាពីឆ្នាំ ១៩៩៤- ២០២១ មានចំនួន ៥៤.៥ពាន់លានដុល្លារ។ ក្នុងនោះ សិង្ហបុរី បានឈរនៅលំដាប់លេខ៩ ស្មើនឹង ២,៨៥% នៃការវិនិយោគផ្ទាល់ពីបរទេស ខណៈ ចិន គឺជាអ្នកវិនិយោគលំដាប់ទី១ ស្មើនឹង ២,៥% កូរ៉េខាងត្បូងឈរលំដាប់លេខរៀងទី២ ក្នុងអត្រា៩,៦% ចំណែកម៉ាឡេស៊ី ឈរនៅលំដាប់លេខ៣ ស្មើនឹង ៦,៤% តាមពីក្រោយមានអង់គ្លេស ៥,៧% និងជប៉ុន ៥,២%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)