Register Already an agent ? Login

ក្រុមហ៊ុនចម្រុះអន្តរជាតិហូឡង់ផ្នែកចំណី ចាប់ដៃក្រុមហ៊ុននៅកម្ពុជា ធ្វើរោងចក្រនៅខេត្តកំពង់ស្ពឺដី ៧ហិកតា ទុន១៥លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុន De Heus THM ជាក្រុមហ៊ុនចម្រុះអន្តរជាតិពីប្រទេសហូឡង់ក្នុងផ្នែកឧស្សាហកម្មចំណីសត្វ បានចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុន De-Heus Cambodia B.V. (De Heus) ជាមួយក្រុមហ៊ុន TMH (Cambodia) Co., Ltd ដើម្បីបង្កើតជាសម្ព័ន្ធអាជីវកម្មក្រុមហ៊ុនរួមទុនថ្មីមួយ។ ក្រុមហ៊ុនបានដាក់ទុនវិនិយោគចំនួន ១៥លានដុល្លារ ដើម្បីពង្រីកការសាងសង់រោងចក្រលើផ្ទៃដី ៧ហិកតា នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

សម្ព័ន្ធក្រុមហ៊ុននេះ តាមគម្រោង មានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទបានចំនួន ១៥ពាន់តោនក្នុងមួយខែ ប្រើកម្មករ ៥២នាក់។ មានផែនការផលិតចំណីសត្វ ១៨០ពាន់តោនក្នុងមួយឆ្នាំ។ បច្ចេកទេសផលិតភាគច្រើនត្រូវបាននាំយកពីសហភាពអឺរ៉ុប ២០% នៃថាមពលដែលប្រើប្រាស់ក្នុងរោងចក្រគឺបានពីថាមពលពន្លឺព្រះអាទិត្យ។

អនាគតក្រុម ហ៊ុនគ្រោងនឹងបង្កើតរោងចក្រទៅខេត្តបាត់ដំបង ដែលជាខេត្តមានសក្តានុពលវត្ថុធាតុដើមសំខាន់មួយនៅកម្ពុជា។ សូមបញ្ជាក់ថា នាបច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតចំណីចំនួន ២៣អាចផលិតចំណីសត្វបានប្រមាណ ១,២៤លានតោនក្នុងមួយឆ្នាំ អាចផ្គត់ផ្គង់បានត្រឹមតែចំនួន ៥៥% នៃសេចក្ដីត្រូវការក្នុងស្រុកសរុបចំនួន ២,២៧លានតោនក្នុងមួយឆ្នាំ។

គូសបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោក វេង សាខុនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាសាក្សីក្នុងពិធីហត្ថលេខាលើឯកសារកម្ចីស្តីពី ការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា ដែលត្រូវចុះហត្ថលេខារវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយក្រុមហ៊ុន De Heus។

លោក រដ្ឋមន្រ្តី បានលើកឡើងថា ព្រឹត្តិការណ៍ដ៏សំខាន់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលបានប្រសូត្រចេញពីការខិតខំប្រឹងប្រែង ផ្តល់កិច្ចសហការគ្នាបានល្អរវាងភាគីពាក់ព័ន្ធ ឈានមកសម្រេចបាននូវកិច្ចព្រមព្រៀងកម្ចីឥណទានដើម្បីយកមកអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មចំណីសត្វ ដែលក្រុមហ៊ុន De Heus បាននិងកំពុងដំណើរការយ៉ាងសកម្ម ឆ្លើយតបបានទាន់ពេលទៅនឹងកំណើនផលិតកម្មសត្វ (ជ្រូក ត្រី និងបក្សី) នាពេលបច្ចុប្បន្ន។

វេង សាខុន បានលើកឡើងបន្តថា ការផ្តល់ហិរញ្ញប្បទាននាពេលនេះ ប្រាកដនឹងជួយធ្វើឱ្យខ្សែច្រវាក់ផលិតកម្មចំណីសត្វ មានការអភិវឌ្ឍកាន់តែល្អប្រសើរធានាបានទាំងបរិមាណផលិត គុណភាពចំណី សុវត្ថិភាព និងការប្រកួតប្រជែងសម្រាប់ទីផ្សារក្នុងស្រុកនិងការនាំចេញ។

ពិតណាស់កំណើនផលិតកម្មចំណីសត្វ វានឹងជះឥទ្ធិពលជាវិជ្ជមានដល់កម្លាំងប្រមូលទិញវត្ថុធាតុដើមក្នុងស្រុកមាន៖ ពោត ចុងអង្ករ កន្ទក់ ដំឡូងមី កាកស្ក ម្សៅត្រី ម្សៅឆ្អឹងហ្មត់ កាកស្រាបៀ កាកដូង ថ្មហ្មត់ និងសណ្ដែកសៀង។ល។ បើវត្ថុធាតុដើមមានទីផ្សារ ផលិតកម្មចំណីមាននិរន្តរភាព ការហូរចេញទៅក្រៅស្រុកនឹងត្រូវបានកាត់បន្ថយ ព្រមជាមួយនឹងការបង្កើនតម្លៃបន្ថែមផងដែរ។ បើតាមការលើកឡើងបន្ថែមរបស់ លោក វេង សាខុន។

ខ្សែច្រវាក់ផលិតកម្មចំណីសត្វ ក្នុងរោងចក្រដំណើរការប្រកបដោយនិរន្តរភាព បុគ្គលិក កម្មករមានការងារធ្វើ មានប្រាក់ចំណូល កម្រិតជីវភាពត្រូវបានលើកកម្ពស់ សមតាមក្តីប្រាថ្នារបស់រាជរដ្ឋាភិបាលក្នុងការជំរុញ ឬបង្កើនផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតការងារ និងបង្កើនប្រាក់ចំណូល។ បើតាមការគូសបញ្ជាក់របស់ លោក រដ្ឋមន្រ្តី បានបន្ថែមទៀតថា កត្តាទាំងអស់នេះ គឺបានបង្ហាញពីឆន្ទរបស់យើងដែលកំពុងនាំគ្នាដើរលើវិថីឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០៕

ដោយ៖ មឿន ឌីណា (Moeun Dyna)