Register Already an agent ? Login

ក្រសួង នឹងសិក្សាធ្វើផ្លូវតភ្ជាប់រវាងកំពង់ផែក្រុងព្រះសីហនុ ជាមួយនឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងពិនិត្យមើលលទ្ធភាពនៃកសាងផ្លូវតភ្ជាប់រវាងកំពង់ផែក្រុងព្រះសីហនុ ជាមួយនឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានជាញឹកញាប់នៅលើកំណាត់ផ្លូវជាតិលេខ៤ នាពេលបច្ចុប្បន្ន។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការថ្លែងរបស់ លោក ស៊ុន ចាន់ថុល នៅក្នុងជំនួបពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគតបន្ថែមទៀតរបស់កម្ពុជា ជាមួយគណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដោយនាំដោយ លោក អគ្គនាយក HATAEDA Mikio កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

លោក ស៊ុន ចាន់ថុល ក៏បានលើកឡើង អំពីបច្ចុប្បន្នភាពទាក់ទងនឹងគម្រោងពង្រីកកំពង់ផែសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ ជំហានទី១ ជំហានទី២ និងជំហានទី៣ ដែលអាចអនុញ្ញាតឱ្យនាវាចំនួន៩៣% នៅតំបន់អាស៊ីប៉ាស៊ីហ្វិកអាចចូលចតបាន។ លោក បានបន្តថា ជាមួយគ្នានោះ វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវជាតិលេខ៥ ដែលជាផ្លូវឆ្អឹងខ្នងសេដ្ឋកិច្ចយ៉ាងសំខាន់របស់កម្ពុជាជាផ្នែកមួយរបស់ផ្លូវអាស៊ានហាយវេលេខ១ តភ្ជាប់ប្រទេសថៃមកកម្ពុជា ទៅវៀតណាមតាមផ្លូវជាតិលេខ១។

វឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន បង្ហាញពន្លឺដែលអាចឈានដល់ការបើកច្រកនេះជាបណ្តោះអាសន្នរវាងភាគីថៃ និងភាគីកម្ពុជា ក្នុងពេលឆាប់ៗនេះ។ បើតាមការលើកឡើងបន្តទៀតរបស់ លោក ស៊ុន ចាន់ថុល បានបន្ថែមថា និងចំណុចឯកភាពតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនរបស់ប្រទេសវៀតណាមជាមួយនឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យក្រុមហ៊ុនឯកជនសិក្សាកន្លងមក។

ទាក់ទងនឹងគម្រោងពង្រីកកំពង់ផែក្រុងព្រះសីហនុ លោក រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រុមហ៊ុនដែលត្រូវចូលរួមក្នុងការស្ថាបនា និងពង្រីកកំពង់ផែនេះតាមជំហានជាបន្តបន្ទាប់ ត្រូវជ្រើសរើសដោយផ្អែកលើលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពោលគឺជាក្រុមហ៊ុនមានបច្ចេកទេសវិទ្យាទំនើប ប្រសិទ្ធភាព ផលិតភាព និងសុវត្ថិភាពខ្ពស់ ដើម្បីធ្វើយ៉ាងណាធានាបាននូវការអនុវត្តត្រឹមត្រូវតាមនីតិវិធីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។

នាឱកាសនោះ លោក រដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទីភ្នាក់ងារ JICA ដែលបានផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) រហូតសម្រេចបានជោគជ័យតាមការគ្រោងទុក។

ក្នុងជំនួបនោះ លោក HATAEDA Mikio បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក ស៊ុន ចាន់ថុល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានជួយសម្របសម្រួលដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានារបស់ជប៉ុនកន្លងមកឱ្យសម្រេចបានជោគជ័យ។

ក្នុងឱកាសនោះ លោក HATAEDA Mikio បានបង្ហាញពីបំណងបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគតបន្ថែមរបស់កម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមមួយកម្រិតទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)