Register Already an agent ? Login

ខេត្តព្រះសីហនុ និងកំពត នៅតែទាក់ទាញភ្ញៀវទៅទស្សនាច្រើនជាងគេ ក្នុងដំណើរទេសចរណ៍ថ្ងៃ២៤-២៥ ខែនេះ

ភ្នំពេញ៖ ដំណើរទេសចរណ៍ពីរថ្ងៃ២៤-២៥ ខែកក្កដា ឆ្នាំ២០២២ ខេត្តព្រះសីហនុ និងខេត្តកែប ទទួលបានភ្ញៀវទេសចរច្រើនជាងបណ្ដាខេត្តផ្សេងៗ។ បើតាមស្ថិតិរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល២ថ្ងៃ មានភ្ញៀវសរុប ២១៣,៥៩០នាក់ ក្នុងនោះភ្ញៀវជាតិ ១៩២,០៥០នាក់នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ២១,៥៤០នាក់។

នៅក្នុងស្ថិតិរបស់ក្រសួងទេសចរណ៍ បានបន្តឱ្យដឹងថា ក្នុងចំណោមភ្ញៀវទាំងជាង ២១ម៉ឺននាក់ ខេត្តព្រះសីហនុ ៣៣,១៧៤នាក់, ខេត្តកំពត ៣១,៣២៣នាក់, ខេត្តសៀមរាប ២៦,៧៤៣នាក់, ខេត្តបាត់ដំបង ២០,៥១២នាក់, រាជធានីភ្នំពេញ ១៨,០៩៨នាក់, ខេត្តកណ្តាល ១៦,២៤៥នាក់, ខេត្តកែប ១០,៥៣១នាក់, ខេត្តពោធិ៍សាត់ ៨,៤៩២នាក់

តួលេខខាងលើបានបន្តថមថយប្រមាណ ៥,៦៧% ធៀបនឹងសប្តាហ៍កន្លងមក។ បើតាមការបញ្ជាក់ នៅក្នុងស្ថិតិរបស់ក្រសួងទេសចរណ៍ បានបន្ថែមថា អាកាសធាតុមិនអំណោយផលមានភ្លៀងធ្លាក់ច្រើននៅគ្រប់រាជធានី-ខេត្ត ដែលបានធ្វើឱ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន។

ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក ទឹកបានហូរកាត់លើកំណាត់ផ្លូវជាតិលេខ៥ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ហើយផ្លូវតភ្ជាប់ទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ក្នុងខេត្តកំពង់ឆ្នាំង ត្រូវហូរផ្តាច់មិនអាចធ្វើដំណើរកើត។

តាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ ភ្នំ១៥០០ ជាតំបន់សក្តានុពលទេសចរណ៍ថ្មីមួយនៃខេត្តពោធិ៍សាត់ ដែលមានទេសភាពធម្មជាតិស្រស់ស្អាត និងសំបូរព្រៃភ្នំជាច្រើន ជាពិសេសកំណាត់ផ្លូវថ្មីនៅលើភ្នំដែលមានរាងដូចសត្វអន្ទង់អាំង (ផ្លូវអន្ទង់អាំង)។ ភ្នំ១៥០០ គឺមានអាកាសធាតុត្រជាក់ ទេសភាពស្អាតៗនៅតាមដងផ្លូវ។ នារដូវវស្សាភ្ញៀវទេសចរអាចមើលឃើញអ័ព្ទយ៉ាងក្រាស់ពីលើកំពូលភ្នំផងដែរ។

បន្ថែមលើសពីនេះភ្ញៀវទេសចរ បើបានមកលេងស្រុកដែលមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏ល្បីមួយនេះ សូមកុំភ្លេចមកទស្សនារមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចនិងដាធំ ដែលជាមរតកទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលមួយ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជាងនេះទៅទៀតភ្ញៀវទេសចរក៏មិនគួរមើលរំលងនៅអាហារដ៏ឆ្ងាញ់ និងសាកកាហ្វេដ៏មានឪជារសនៅកាហ្វេភ្នំផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)