Register Already an agent ? Login

ប្រធានសភាពាណិជ្ជកម្មថៃ នឹងដឹកនាំធុរជន ៥០ក្រុមហ៊ុន ជួបពិភាក្សាជាមួយ លោក ប៉ាន សូរស័ក្តិ នៅដើមខែក្រោយនេះ

ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មថៃ គ្រោងមកទស្សនកិច្ចកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីវិស័យឯកជនថៃចំនួន ៧០ក្រុមហ៊ុន នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា។ បើតាមការលើកឡើងឱ្យដឹងពី លោកស្រី Doung Jai សមាជិកសភាពាណិជ្ជកម្មថៃ នៅក្នុងជំនួបជាមួយ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា។

ជំនួបរវាងមន្រ្តីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មទាំងពីរខាងលើធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងបន្តថា គម្រោងដំណើរទស្សនកិច្ច ពាណិជ្ជកម្មរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃ ជួបជាមួយ លោក ប៉ាន សូរស័ក្តិ ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរកម្ពុជា-ថៃផងដែរ។

នៅក្នុងជំនួបនោះ លោក ស៊ាង ថៃ ជា បានស្វាគមន៍គណៈប្រតិភូថៃ មកកាន់ប្រទេសកម្ពុជា និងជាពិសេសមកកាន់ក្រសួងពាណិជ្ជកម្មនាពេលនេះ។ លោក រដ្ឋលេខាធិការ បានបន្តថា កម្ពុជា-ថៃជាប្រទេសជិតខាងគ្នា មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាលើគ្រប់វិស័យទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌអាស៊ាន ដែលពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការរីកចម្រើនគួរឱ្យកាត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ 

ចំពោះគម្រោង គម្រោងដំណើរទស្សនកិច្ច ពាណិជ្ជកម្មរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដឹកនាំដោយប្រធានសភាពាណិជ្ជកម្មថៃមកកាន់កម្ពុជា លោក ស៊ាង ថៃ បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មគាំទ្រ និងផ្តល់កិច្ចសហការជាមួយ សភាពាណិជ្ជកម្មថៃក្នុងការរៀបចំព្រឹត្តិការណ៍ខាងលើ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរបន្ថែមទៀត។

សូមរម្លឹកថា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃមានទំហំទឹកប្រាក់ជាង ៣,៦៤៥លានដុល្លារ ដែលក្នុងនោះកម្ពុជានាំចេញទៅថៃក្នុងទំហំទឹកប្រាក់ជាង ១៨៥លានដុល្លារ និងថៃនាំចេញមកកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង ៣,៤៦០លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)