ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិន សម្រេចបានក្នុងរង្វង់ទឹកប្រាក់ជិត ៦ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ២០២២ ទំហំនេះ បានកើនឡើងក្នុងអត្រា ២០,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
នៅក្នុងរបាយការណ៍ខាងលើបានបន្តឱ្យដឹងថា ការនាំចូលទំនិញពីចិនមកកម្ពុជា ក្នុងឆមាសទី១ មានទំហំទឹកប្រាក់ ៥,៣៧ពាន់លានដុល្លារ កើន២៤,២% ស្របពេលការនាំចេញទំនិញពីកម្ពុជាទៅចិនមានការធ្លាក់ចុះ ៩,២% ដែលមានទំហំទឹកប្រាក់ប្រមាណ ៦១១លានដុល្លារ ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០២១។
មូលហេតុដែលធ្វើឱ្យការនាំចេញទំនិញទៅចិនមានការធ្លាក់ចុះ ដោយសារថ្លៃដឹកជញ្ជូនកើនឡើង ខណៈតំបន់ខ្លះរបស់ប្រទេសចិនបានបិទខ្ទប់ និងការនាំទំនិញឆ្លងកាត់ប្រទេសទីបីមានភាពយឺតយ៉ាវ ដោយការអនុវត្តគោលនយោបាយទប់ស្កាត់ជំងឺកូវីដ-១៩ តាមប្រទេសផ្សេងៗគ្នា។ បើតាមការថ្លែងរបស់ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
លោក ប៉ែន សុវិជាតិ បានបន្តថា ចំពោះការនាំចូលពីចិនមកកម្ពុជា នៅតែបន្តកើនឡើងវិញ ដោយសារការនាំចេញសម្លៀកបំពាក់កម្ពុជាទៅអឺរ៉ុប កើនឡើងក្នុងឆមាសទី១នេះ ទើបជាហេតុនាំឱ្យកម្ពុជា ត្រូវការទិញវត្ថុធាតុដើមច្រើនពីប្រទេសចិន។
គូសបញ្ជាក់ថា ប្រភេទមុខទំនិញដែលកម្ពុជានាំចូលពីចិន ភាគច្រើនជាវត្ថុធាតុដើមដែលបម្រើឱ្យវិស័យកាត់ដេរ វាយនភណ្ឌ និងសំណង់។ ចំណែក ទំនិញដែលកម្ពុជានាំចេញទៅចិនវិញមាន គ្រឿងដង្គុំអគ្គិសនី ផលិតកសិកម្ម និងផ្លែឈើភាគច្រើនដូចជា អង្ករ ស្វាយ ចេកជាដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)