Register Already an agent ? Login

JICA បានអនុវត្តគម្រោងសាកល្បងទីក្រុងឆ្លាតវៃ ក្នុងខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងទំនើប ប្រកួតប្រជែងជាមួយទីក្រុងនានាក្នុងតំបន់

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប និងអ្នកជំនាញរបស់ជប៉ុន បានជួបគ្នាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ពិភាក្សាការចាប់ផ្តើមសិក្សាលើគម្រោងសាកល្បងទីក្រុងវៃឆ្លាត (Smart City in Siem Reap) ដែលជាគោលដៅអភិវឌ្ឍន៍ក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងទំនើប ដើម្បីមានសមត្ថភាពប្រកួតប្រជែងជាមួយទីក្រុងនានា នៅតំបន់ និងសាកលលោក។

នៅក្នុងជំនួបពិភាក្សាគ្នានោះ បានឱ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេចអនុវត្តគម្រោង ការអនុវត្តន៍វិធីសាស្ត្រ ទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប ដែលមានរយៈពេល ៣ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០២២ រហូតដល់ខែឧសភា ឆ្នាំ២០២៥។

តាមការសាកល្បងរយៈពេល ៣ឆ្នាំ ពី២០២២-២០២៥ មានគោលបំណងចំនួន ៣ចម្បងៗ​រួមមាន៖ ១-វិធីសាស្ត្រទីក្រុងឆ្លាតវៃត្រូវបានបង្កើតឡើង និងសហប្រតិបត្តិការរវាងអង្គភាពដែលពាក់ព័ន្ធត្រូវបានបង្កើតឡើង, ២-ដំណើរការនៃការអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ គឺត្រូវបានបង្កើតឡើង តាមរយៈការអនុវត្តសាកល្បងនៃវិធានការដើម្បីដោះស្រាយបញ្ហាទីក្រុង, ៣-បង្កើតប្រព័ន្ធសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃ និងវិធីសាស្ត្រទីក្រុងឆ្លាតវៃ។

ដើម្បីឱ្យការអនុវត្តគម្រោងសាកល្បងនៃវិធានការ ក្នុងការដោះស្រាយបញ្ហាទីក្រុងរបស់គម្រោងទីក្រុងឆ្លាតវៃ ក្រុងសៀមរាប​ ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ តាមរយៈការអភិវឌ្ឍនូវការប្រើប្រាស់បច្ចេកវិទ្យាឆ្លាត ស្របតាមគោលដៅរបស់គម្រោង និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព លោក Kal KURIMOTO ជាអ្នកជំនាញផ្នែករៀបចំផែនការគម្រោងសាកល្បង និងការអនុវត្ត បានធ្វើបទបង្ហាញអំពីគម្រោងសាកល្បង នៃគម្រោងទីក្រុងឆ្លាតវៃ ក្រុងសៀមរាប ដែលបានគ្រោងនិងផ្ដួចផ្ដើមឡើងដោយក្រុមការងារជំនាញ JICA។

នៅក្នុងកិច្ចប្រជុំនោះ លោក​ សុខ​ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប​ សមាជិកា នៃអង្គប្រជុំទាំងមូល ផ្ដល់ជាគំនិតយោបល់ និងទិន្នន័យថ្មីៗ ជូនដល់ក្រុមការងារជំនាញ JICA ដើម្បីជាធាតុចូលបន្ថែមទៀត ក្នុងការរៀបចំអនុវត្តគម្រោងសាកល្បងនៃគម្រោងទីក្រុងឆ្លាតវៃ ក្រុងសៀមរាប ឱ្យមានប្រសិទ្ធភាពខ្ពស់។

គូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើ ក៏មានការចូលរួមពីខាងភាគីទីភ្នាក់ងារ JICA មានសមាជិកប្រតិភូ និងតំណាងក្រុមហ៊ុនមកពីប្រទេសជប៉ុន និងខាងភាគីខេត្តសៀមរាប​ មានតំណាងអាជ្ញាធរអប្សរា​ តំណាងអគ្គនាយកគ្រឹះស្ថានអង្គរ​ លោកនាយកទីចាត់ការផែនការ​ និងវិនិយោគ​ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុងសៀមរាប​ និងមន្ត្រីសាលាខេត្ត​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)