ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសន្យាបង្កើនឥណទាន សម្បទានទ្វេដងសម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ បើតាមការគូសបញ្ជាក់របស់ លោក HATAEDA Mikio នៅក្នុងជំនួបកិច្ចពិភាក្សាជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងកិច្ចប្រជុំនោះ លោក HATAEDA Mikio អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការចាត់វិធានការនានា ដែលបានដាក់ចេញក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺសកល។
ក្នុងជំនួប លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា «រដ្ឋាភិបាលជប៉ុន តាមរយៈ JICA បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការផ្ដល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ឥណទានសម្បទាន និងជំនួយបច្ចេកទេស។ ចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍគ្រប់ដំណាក់កាល ដែលរាជរដ្ឋាភិបាលបានដាក់ចេញពីមួយអាណត្តិទៅអាណត្តិ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា»។
ជាក់ស្ដែង ស្ថិតក្នុងការណ៍បច្ចុប្បន្ន កម្ពុជាកំពុងប្រឹងប្រែងធ្វើដំណើរយ៉ាងសកម្មឥតឈប់ឈរ ដើម្បីសម្រេចបាននូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន តម្រង់ទិសឆ្ពោះទៅចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងស្របតាមគន្លងមាគ៌ាអភិវឌ្ឍន៍ ដែលបានដាក់ចេញនូវ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។ បើតាមការលើកឡើងរបស់ លោក អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ជប៉ុន ជាធាតុចូលយ៉ាងសំខាន់ ដែលបានឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាអាទិភាព និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមការផ្តល់ Japanese ODA JICA សឹងគ្រប់វិស័យនៅកម្ពុជា។ ជាពិសេស នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរួម៖ កំពង់ផែសមុទ្រអន្តរជាតិ ផ្លូវថ្នល់-ស្ពាន អគ្គិសនី ប្រព័ន្ធធារាសាស្រ្ត មន្ទីរពេទ្យ សាលារៀន និងរោងចក្រផលិតទឹកស្អាតជាដើម ។ល។ លោក បានបញ្ជាក់ទៀតថា សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រទេសជប៉ុននៅតែជាមិត្តដ៍ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានស្នើឱ្យ JICA ពង្រឹងបេក្ខភាព ដែលស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាព ដោយត្រូវយកចិត្តទុកដាក់ទៅលើប្រសិទ្ធភាព និងចីរភាព។ ជាពិសេសរួមបញ្ចូលគ្នារវាងទិសដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច សង្គម ឲ្យមានភាពប្រទាក់ក្រឡាជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិផងដែរ។
ជុំវិញកិច្ចពិភាក្សាការងារនេះ រដ្ឋមន្រ្តីទាំងពីរ បានផ្លាស់ប្តូរគោលគំនិត មតិយោបល់ និងបទពិសោធគ្នាទៅវិញទៅមក លើគម្រោងដែលកំពុងដំណើរការក្នុងក្របខ័ណ្ឌឥណទានពីប្រទេសជប៉ុន(Japannese ODA loan)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)