Register Already an agent ? Login

រាជរដ្ឋាភិបាល បានផ្ដល់ដីសម្បទានសង្គមកិច្ច ១០៤ហិកតា ដល់អតីតយុទ្ធ នៅខេត្តបាត់ដំបង

បាត់ដំបង៖ រាជរដ្ឋាភិនបាល បានផ្ដល់ដីសម្បទានសង្គមកិច្ច ១០៤ហិកតា ដល់អតីយុទ្ធជន ១០៤គ្រួសារ ស្ថិតនៅ​ក្នុងភូមិ​គោក​រកា ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង។

មន្ទីរ​រៀបចំ​ដែនដីនគរូបនីយកម្មសំណង់ និង​​សុរិយោដី​ខេត្តបាត់ដំបង បានសហការជាមួយក្រុម​​ជំនួយការ​អគ្គលេខាធិការ​សមាគម​អតីត​​យុទ្ធជន​កម្ពុជា ចុះ​វាស់វែង​កំណត់​ទីតាំង​ដី និង​សាង​សង់ផ្ទះ​ ជូនគ្រួសារអតីតយុទ្ធ។ បើតាមការថ្លែងរបស់ លោក គន់ រ័ត្ន​មុនី អនុប្រធានក្រុមជំនួយការអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

លោក បានបញ្ជាក់ថា ដី​ដែល​បាន​វាស់វែង ត្រូវ​ផ្តល់ឱ្យ​​តែ​អតីតយុទ្ធជន​នៅក្នុង​ខេត្តបាត់ដំបង​ប៉ុណ្ណោះ​។​ តាម​គម្រោង​ដែល​បាន​ចាប់ឆ្នោត​រួចហើយ គឺមាន​ចំនួន​ ១០៤​គ្រួសារ ​ក្នុង១​គ្រួសារ​ ទទួលបាន​ដី​ ១​ហិកតា ផ្ទះ​១​ខ្នង និង​បន្ទប់ទឹក​១​។

នៅក្នុងពិធីបើកសម្ពោធ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន កាលពីដើមខែកក្កដា ឆ្នាំ២០២២ លោក គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អតីត​​យុទ្ធជន និង​ជនពិការ ​បានថ្លែងថា ក្នុង ​១​ខ្នង​ផ្ទះ រួម​ជាមួយនឹង​បន្ទប់ទឹក ចំណាយ​ប្រមាណ​ ៤ ៥០០​ដុល្លារ​ ​គម្រោង​សាងសង់យ៉ាងយូរ ៣​ខែ នឹង​បញ្ចប់​ការសាងសង់ជា​ស្ថាពរ។

ដី​សម្បទាន​សង្គមកិច្ច​ត្រូវបាន​រាជ​រដ្ឋា​ភិ​បាល សម្រេច​ផ្តល់ជូន​ដល់​អតីតយុទ្ធជន​នៅក្នុង​ខេត្តបាត់ដំបង​ ដែល​កំពុង​ទទួលរង​នូវ​ផល​លំបាក​ជីវភាព​រស់នៅ​សម្រាប់ធ្វើ​​ការសាងសង់​ផ្ទះ និង​ធ្វើ​កសិកម្ម ដើម្បី​ធ្វើ​​ឱ្យ​ជីវភាព​របស់​ពួកគាត់​កាន់តែ​ល្អប្រសើរ​។ បើតាមការលើកឡើងរបស់ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង។

គូររម្លឹកថា កាល​​ពីថ្ងៃ​ទី ​៣០ ខែ មិថុនា ឆ្នាំ​ ២០២២ លោក គន់ គីម បាន​ចាប់​​ឆ្នោត​ប្រគល់​ដី​សម្បទាន​សង្គមកិច្ច ​(​ដី​លំនៅឋាន និង​ដី​កសិកម្ម​) ​ព្រមទាំង​បើក​ការដ្ឋាន​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ចំនួន​ ១០៤​ គ្រួសារ​រួចរាល់​ហើយ​។ ​ក្នុង​ ១​គ្រួសារ​ ទទួលបាន​ផ្ទះ​ទំហំ​ ៥​ម៉ែត្រ​គុណ​នឹង ​៧ម៉ែត្រ និង​ដី ​១​ហិកតា ​ដែលជា​អំ​​ណោ​យ​របស់សម្ដេចតេជោ ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)