Register Already an agent ? Login

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជិត ២ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២

ភ្នំពេញ៖ ឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានជាង ​៧,៩៨០ប៊ីលានរៀល (ប្រមាណ ​១ ៩៧០លានដុល្លារ) ​ស្មើនឹង ៦៩,៨៩% នៃ​ផែនការ​ប្រចាំឆ្នាំ ធៀបនឹងឆ្នាំ២០២១ ចំណូលនេះ​កើនឡើងជាង ១,៨៣៣ប៊ីលានរៀល​ (ប្រមាណ ​៤៥២លានដុល្លារ) ​ស្មើនឹងជិត ៣០%។ បើតាមកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២២ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

ចំណូលជិត​ ២ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២ ទទួលបានពីប្រភពសំខាន់ៗរួមមាន៖ ពន្ធលើប្រាក់ចំណូល ២៧,១៩%, អាករលើតម្លៃបន្ថែម ៣៣,៣៧% ពន្ធលើប្រាក់បៀវត្ស ២៧,១៦%, អាករពិសេស ៣៤,០១%, ពន្ធប្រថាប់ត្រាការផ្ទេរកម្មសិទ្ធិអចលទ្រព្យ ៣៤,៣៨% និងពន្ធលើឈ្នួលផ្ទះ និងដី ១០,១២%។

នៅក្នុងកិច្ចប្រជុំ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ​ក្រោមការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់​ក្នុងការ​ប្រមូលចំណូលពន្ធ ​របស់មន្រ្តីគ្រប់លំដាប់ថ្នាក់ ​និងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងជាច្រើន របស់​អគ្គនាយកដ្ឋានពន្ធដារ។

លោក បានលើកឡើងបន្តថា ជាក់ស្តែងក្នុងការប្រមូលចំណូលពន្ធសម្រាប់ខែមិថុនា ​ឆ្នាំ២០២២ អគ្គ​នាយកដ្ឋានពន្ធដារ ​ប្រមូលចំណូលពន្ធបានប្រមាណជាង​ ៩៨៦ប៊ីលានរៀល ​ត្រូវប្រមាណជិត ២៤៣​លានដុល្លារស្មើនឹងប្រមាណ ១០៣% ​នៃផែនការប្រចាំខែ​ និងស្មើ ៨,៦៤% នៃផែនការប្រចាំឆ្នាំ២០២២៕

ដោយ៖ មឿន ឌីណា (Moeun Dyna)