Register Already an agent ? Login

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នៅសល់៥%ទៀតនឹងបញ្ចប់គម្រោង គ្រោងដាក់ឱ្យប្រើបណ្ដោះនៅខែតុលាឥតគិតថ្លៃ

ភ្នំពេញ៖ វឌ្ឍនភាព គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៩៥%ហើយ នៅសល់ ៥% ទៀតប៉ុណ្ណោះ ទាក់ទងស្លាកសញ្ញា ដាំដើមផ្កា ដាក់កាមេរ៉ា។ល។ បើតាមការថ្លែងឱ្យដឹងពី លោក ​ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវនេះគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ រយៈពេល ១ខែដោយឥតគិតថ្លៃ។

ការថ្លែងខាងលើរបស់ លោក ស៊ុន ចាន់ថុល នាពេលដឹកនាំមន្រ្តីបច្ចេកទេស និងអ្នកពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ (Expressway PP-SHV) នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានថ្លែងបន្តថា មុននឹងដាក់ឱ្យប្រើប្រាស់ផ្លូវនេះ ក្រសួងនឹងរៀបចំធ្វើស្តតផ្សព្វផ្សាយ ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ ដែលមិនធ្លាប់ប្រើផ្លូវល្បឿនលឿន ពីមុនមក ឱ្យបានដឹងពីរបៀបប្រើប្រាស់ផ្លូវនេះផងដែរ។

លោក បានថ្លែងបន្តទៀតថា កន្លងមក មានការពន្យារពេលក្នុងការដាក់ដំណើរការផ្លូវមួយនេះជាច្រើនលើក មន្ត្រីជំនាញបានលើកឡើងថា ដោយសារលទ្ធផលសាងសង់នៅមិនទាន់បានបញ្ចប់រួចរាល់១០០% ក្នុងនោះបញ្ហាស្លាកសញ្ញាចរាចរណ៍មិនទាន់បានបំពាក់ឱ្យបានគ្រប់គ្រាន់នៅឡើយ ហើយរបងការពារសុវត្ថិភាពផ្លូវទើបបានជាង ៧០% ប៉ុណ្ណោះ។

លោក រដ្ឋមន្រ្តីបានលើកឡើងបន្តថា រនាំងទ្រូងផ្លូវ និងសួនច្បារទើបបានប្រមាណ ៨០% ស្ពានរំលងអាកាសមួយចំនួនពុំទាន់បានរួចរាល់ និងចំណុចចាប់ផ្តើមដើមទីចុងទីពុំទាន់បានបញ្ចប់ជាស្ថាពរនៅឡើយ។ ជាមួយគ្នានោះ ទីតាំងចំណតទាំង៤កន្លែង នៅពុំទាន់រួចរាល់ ១០០% ហើយនិងបរិក្ខាមួយចំនួនទៀតពុំទាន់បានបំពាក់រួចរាល់ និងបញ្ហាផ្សេងៗជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)