Register Already an agent ? Login

ភ្ញៀវទេសចរប្រមាណ ២២ម៉ឺននាក់ បានដើរកម្សាន្តទូទាំងប្រទេស ខេត្តបាត់ដំបង និងកំពត ទទួលបានច្រើនជាងគេ

ភ្នំពេញ៖ រយៈពេល ២ថ្ងៃ ១៦-១៧ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ២២៦,៤៤១នាក់ ក្នុងនោះភ្ញៀវជាតិ ២០៤,៤៨១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ២១,៩៦០នាក់។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

នៅក្នុងរបាយការណ៍របស់ក្រសួងបានឱ្យដឹងថា រយៈពេល ២ថ្ងៃកន្លងមក រាជធានី-ខេត្តជាគោលដៅទេសចរណ៍ ទទួលបានភ្ញៀវច្រើនរួមមាន៖*ខេត្តបាត់ដំបង ៣៦,៥២០នាក់,*ខេត្តកំពត ២៨,៩៦៤នាក់,*ខេត្តព្រះសីហនុ ២៨,៥០៤នាក់, *ខេត្តសៀមរាប ២៧,៥៨៦នាក់,*រាជធានីភ្នំពេញ ២០,៨១៦នាក់,*ខេត្តកែប ១០,៥៣១នាក់,*ខេត្តកណ្តាល ១០,២៨៦នាក់,*ខេត្តពោធិ៍សាត់ ១០,២៨២នាក់។

តួលេខខាងលើមានការថយចុះប្រមាណ ២០.៧៧% ធៀបនឹងសប្តាហ៍កន្លងមក ហើយគោលដៅទេសចរណ៍សំខាន់ៗ សុទ្ធតែ មានថយចុះដូចជា៖ ខេត្តព្រះសីហនុ ថយចុះប្រមាណ ៤៨.០៧%, ខេត្តកែប ថយចុះប្រមាណ ៤១.៧២% និងខេត្តសៀមរាប ថយចុះប្រមាណ ៣៨.០៦%។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍។

នៅក្នុងរបាយការណ៍បន្តថា មូលហេតុ សំខាន់ដែលនាំឱ្យការថយនៃចំនួនភ្ញៀវទេសចរនាសប្តាហ៍កន្លងមក បណ្តាលមកពីបញ្ហាអាកាសធាតុដែលមិនអំណោយផល មានភ្លៀងធ្លាក់ច្រើននៅគ្រប់រាជធានីខេត្ត ដែលបានធ្វើឱ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន ពិសេសគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ និងគោលដៅទេសចរណ៍នៅខេត្តពោធិ៍សាត់ (តំបន់វាលវែង និងផ្លូវបុប្ផាលក់ខ្លួន (ផ្លូវជាតិលេខ៥៥)ជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)