ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យក្រុមហ៊ុន៤ បង្កើតរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ ខេត្តក្រចេះ និងខេត្តស្វាយរៀង ទុនវិនិយោគសរុប ៩៦.៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០៥០កន្លែង ជូនប្រជាពលរដ្ឋ។
ក្រុមហ៊ុនទាំង៤ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ខេត្តក្រចេះ និងស្វាយរៀងរួមមាន៖
១-ក្រុមហ៊ុន L-Q New Energy CO., LTD. គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល, ខេត្តក្រចេះ មានទុនវិនិយោគចំនួន ៨៤,៥ លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ១,០០០នាក់។
២-ក្រុមហ៊ុន Eastcam Casting Co., Ltd. គម្រោងបង្កើតរោងចក្រផលិតនិងកែច្នៃបំពង់ទីបដែក និងកែច្នៃដំណរបំពង់ទីបដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង, ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥.៨លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ២០០នាក់។
៣-ក្រុមហ៊ុន MEGA HARDWOOD CO., LTD គម្រោងបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៥លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។
៤-ក្រុមហ៊ុន XIN JIN WEI GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១.៥លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ៥៥០នាក់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)