សៀមរាប៖ វឌ្ឍនភាព គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចបានជិត ៣៤% នៃគម្រោងទាំងមូលគិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២២។ បើតាមការថ្លែងឱ្យពី លោក តឹក រ៉េតសំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ។
នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ដើម្បីពិនិត្យតាមដានជំរុញការអនុវត្តគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរកាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២២ លោក បានថ្លែងបន្តថា ក្រុមហ៊ុន Angkor International Airport Investment ដែលទទួលខុសត្រូវលើការសាងសង់អាកាសយានដ្ឋាននេះ បានប្តេជ្ញាសម្រេចឱ្យបាន ៥០% នៃការសាងសង់ទាំងមូលនៅដំណាច់ត្រីមាសទី៣ និង ៧០% នៅដំណាច់ឆ្នាំ២០២២។
លោក បានថ្លែងឱ្យដឹងទៀតថា ផ្នែកមួយចំនួនដូចជាអនុស្ថានីយអគ្គិសនី ស្ថានីយស្តុកប្រេងឥន្ធនៈ និងអគារបញ្ជាផ្លូវហោះហើរ ពេលនេះសម្រេចបានលើសពី ៧០% ចំណែកផ្លូវរត់ត្រូវបានតភ្ជាប់ជាស្ថាពររួចហើយ។
គម្រោងសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី កំពុងជួបឧបសគ្គក្នុងការសាងសង់ ដោយសារតែគោលនយោបាយសូន្យកូវីដ-១៩ របស់រដ្ឋាភិបាលចិន។ បើតាមការលើកឡើងរបស់ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបន្តថា គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២២ ការសាងសង់ព្រលានយន្តហោះអន្ដរជាតិនេះ សម្រេចបាន ៣៣,៨៥%ហើយ ដោយរំពឹងថានៅខែកញ្ញាខាងមុខនេះ វឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះនេះនឹងឈានទៅដល់ ៥០%។
ទោះជាយ៉ាងនេះក្តី ក៏មានការបារម្ភថាការសាងសង់ព្រលានយន្តហោះនេះ អាចនឹងយឺតជាងផែនការដោយសារគោលនយោបាយសូន្យកូវីដ-១៩របស់ចិន ដែលបង្កជាឧបសគ្គដល់ការផ្គត់ផ្គង់សម្ភារបរិក្ខារសាងសង់ តម្លៃដឹកជញ្ជូនឡើងខ្ពស់ និងការឡើងថ្លៃនៃសម្ភារមួយចំនួន។ បើតាមការលើកឡើងបន្តរបស់ ស៊ីន ចាន់សិរីវុត្ថា បានបន្តទៀតថា ចំពោះបញ្ហាប្រឈម និងកង្វល់របស់ក្រុមហ៊ុន គឺដោយសារគោលនយោបាយសូន្យកូវីដ-១៩ របស់រដ្ឋាភិបាលចិន ធ្វើឱ្យក្រុមហ៊ុនចិនពិបាកនៅក្នុងការធ្វើដំណើរចេញចូល និងការដឹកជញ្ជូនទំនិញ បរិក្ខារ សម្ភារដែលផលិតនៅទីក្រុងធំៗនៅប្រទេសចិន។
គួររម្លឹកថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សាងសង់លើផ្ទៃដីទំហំ ៧០០,០៦ហិកតា ដែលមានទុនវិនិយោគចំនួន ៨៨០លានដុល្លារ៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ដោយ៖ មឿន ឌីណា (Moeun Dyna)