Register Already an agent ? Login

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងធ្វើរោងចក្រផលិតទឹកស្អាត ៥ពាន់ម៉ែត្រគីបក្នុង១ថ្ងៃ លើផ្ទៃដី ៣០ហិកតា ក្នុងខណ្ឌកំបូល

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ផលិតទឹកស្អាត មានសមត្ថភាពផលិតទឹកស្អាតបាន ៥.០០០ម៉ែត្រគីប ក្នុង១ថ្ងៃ ដែលមានទីតាំង លើ​ដី​សណ្ដស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិបឹងធំ២ ភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈចុះពិនិត្យមើលស្ថានភាពទឹកសណ្ដស្ទឹងព្រែកត្នោត ក៏បានដឹកនាំមន្ត្រី មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យគម្រោងទីតាំងសាងសង់ស្ថានីយទឹកស្អាត របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះផងដែរ។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្តថា មន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា គម្រោងសាងសង់ស្ថានីយទឹកស្អាត របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញខាងលើនេះ មានឈ្មោះថា ជារោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាព ផលិតទឹកស្អាតបាន ៥.០០០ម៉ែត្រគីប ក្នុង១ថ្ងៃ ដោយផ្តើមសាងសង់នៅក្នុងឆ្នាំ២០២២ ដល់២០២៤ លើផ្ទៃដី ៣០ហិកតា។

មន្រ្តីដដែល បានឱ្យដឹងថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ អាចផ្គត់ផ្គង់ទឹកស្អាតឱ្យបងប្អូនប្រជាពលរដ្ឋបាននៅភាគខាងលិច ឆៀងខាងត្បូងរាជធានីភ្នំពេញ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកទៀត នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មី។

បើតាមមន្រ្តីដដែល បានឱ្យដឹងទៀតថា រោងចក្រផលិតទឹកស្អាតបឹងធំ ជាជំហានទី១ នៅឆ្នាំ២០២៣ នឹងអាចឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតនេះបាន នៅក្នុង៣សង្កាត់ នៃខណ្ឌកំបូល ហើយនឹងបន្តពង្រីកវិសាលភាពឱ្យកាន់តែធំបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅស្អាត ផឹកទឹកស្អាត មានអនាម័យល្អ ទៅតាមគោលនយោបាយរបស់សម្តេចតេជោហ៊ុន សែន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)