ភ្នំពេញ៖ ៦ខែឆ្នាំ២០២២ គិតត្រឹមខែមិថុនា កម្ពុជា បាននាំចេញកៅស៊ូចំនួន ១៣៥.១៣៧តោន និងឈើកៅស៊ូចំនួន ១៤,៦២៧ម៉ែត្រគូប ទទួលបានចំណូលចំនួន ២១៧,៩៣៥,៤៣១ដុល្លារ។ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ។
នៅក្នុងរបាយការណ៍ អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ២១៥,៧៦២,៦៥០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ២,១៧២,៧៨១ដុល្លារ។ ចេញជ័រកៅស៊ូ កើនឡើងចំនួន ៣,៣៨២តោន ស្មើនឹង ៣% ធៀបនឹងឆ្នាំ២០២១។
ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤.០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០.១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣% គិតត្រឹមខែឧសភា ឆ្នាំ២០២២។ សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ថ្លៃ ១,៥៩៧ដុល្លារ ក្នុង១តោន បានថយចុះចំនួន ៩១ដុល្លារ ក្នុង១តោន ស្មើនឹង ៥% ធៀបនឹងឆ្នាំ២០២១។
ស្ថានភាពចំណូលកៅស៊ូមានការធ្លាក់ចុះ ដោយសារតែតម្លៃលក់ បានធ្លាក់ចុះប្រហែលជា ១៥%។ បើតាម ការលើកឡើងឱ្យដឹងពី លោក នង វាសនា អគ្គនាយកក្រុមហ៊ុន កុល វាសនា អ៊ិនវេស៍មេន បានបន្តថា ជារួមស្ថានភាពកៅស៊ូមានការធ្លាក់ចុះបន្តិច ពាក់ព័ន្ធនឹងចំណូល ដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនអំណោយផល និងមានវិបត្តិសេដ្ឋកិច្ច។
គួររម្លឹកថា នៅឆ្នាំ២០២១ កម្ពុជា ទទួលចំណូលបានជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន ៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន ៤៥៤ម៉ែត្រគូប៕
ដោយ៖ មឿន ឌីណា (Moeun Dyna)