ភ្នំពេញ៖ រយៈពេល ៥ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វាភីកម្ពុជា និងជប៉ុន សម្រេចបានក្នុងទឹកប្រាក់ ៧៧៨លានដុល្លារ បានកើនឡើង ១២.៣% បើធៀបទៅនឹងគ្រាដូចគ្រាឆ្នាំ២០២១ សម្រេចបានទឹកប្រាក់ ៦៩៣លានដុល្លារ។ ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញ ជាមួយបណ្តាប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
ការនាំចេញទំនិញពី កម្ពុជាទៅជប៉ុន មានទំហំទឹកប្រាក់ជាង ៤៦២លានដុល្លារ កើនឡើងប្រមាណ ១០.៣% ៥ខែឆ្នាំ២០២២ បើធៀបទៅនឹងឆ្នាំ២០២១ ទឹកប្រាក់ជាង ៤១៩លានដុល្លារ។
ចំណែក ការនាំចូលទំនិញពី ជប៉ុនមកកម្ពុជា មានទំហំប្រមាណ ៣១៦លានដុល្លារ កើនឡើង ១៥.៤% បើធៀបទៅនឹងឆ្នាំ២០២១ មានទំហំទឹកប្រាក់ជាង ២៧៣លានដុល្លារ។
បើតាមស្ថិតិដដែលបានបញ្ជាក់ថា ប្រភេទមុខទំនិញដែលកម្ពុជានាំចូលពីជប៉ុន ៥ខែដើមឆ្នាំ២០២២ មានដូចជា៖ រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ ប្លាស្ទិក។ ចំណែកទំនិញ ដែលកម្ពុជានាំចេញទៅប្រទេសជប៉ុន មានផលិតផលស្បែក កាបូប ស្បែកជើង និងសម្លៀកបំពាក់ជាដើម។
គួររម្លឹកថា តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ភាគហ៊ុននៃការវិនិយោគផ្ទាល់ពីបរទេសដែលហូរចូលប្រទេសកម្ពុជាពីឆ្នាំ១៩៩៤ដល់២០២១ មានចំនួន ៥៤៥ពាន់លានដុល្លារ ក្នុងនោះជប៉ុន បានឈរនៅលំដាប់លេខ៥ ស្មើនឹង ៥.២% នៃការវិនិយោគផ្ទាល់ពីបរទេស៕
ដោយ៖ មឿន ឌីណា (Moeun Dyna)