កែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញបើកការដ្ឋានចាក់បេតុងអាមេ១ខ្សែ ប្រវែង ៧៩០ម៉ែត្រ ទទឹង ១០ម៉ែត្រ រៀបខឿនជញ្ជាំងភ្នំជើងទេកម្ពស់ ២ម៉ែត្រ និងប្រឡាយរំដោះទឹកប្រវែង ៧៩០ម៉ែត្រ កាលពីថ្ងៃទី៨ ខែមកក្ដា ឆ្នាំ២០២២។
ផ្លូវចាក់បេតុងអាមេ ១ខ្សែ ប្រវែង ៧៩០ម៉ែត្រ ទទឹង ១០ម៉ែត្រ និងប្រឡាយរំដោះទឹកភ្លៀង គឺអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងកែលម្អសោភណភាព និងដាក់ភ្លើងបំភ្លឺផ្លូវដែលកន្លងមកតែងតែជួបនូវការលំបាក ការកកស្ទះ និងតូចចង្អៀតពិបាកក្នុងការធ្វើចរាចរនៅពេលមានពិធី បុណ្យទានម្ដងៗ។ បើតាមការថ្លែងរបស់ លោក សោម ពិសិដ្ឋ។
លោក បានថ្លែងបន្តថា ខេត្តកែប បច្ចុប្បន្ន ពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននិងកំពុងប្រឹងប្រែងកសាងជួសជុលផ្លូវជាតិ ផ្លូវលំ រៀបចំរមណីយដ្ឋានទេសចរណ៍ តំបន់ឆ្នេរ ឱ្យកាន់តែមានភាពស្រស់ត្រកាល និងអនាម័យបរិស្ថានល្អខ្យល់អាកាសបរិសុទ្ធ ហើយនិងទិដ្ឋភាពគួរជាទីទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកសម្រាក លំហែកម្សាន្ត នៅតាមតំបន់ឆ្នេរសមុទ្រខេត្តកែប ឱ្យកាន់តែមានសន្ទុះច្រើនឡើងៗនាពេលអនាគត ។
លោក អភិបាលខេត្តបានគូសបញ្ជាក់ថា ជាការពិតណាស់ ផ្លូវចាក់បេតុងអាមេមួយខ្សែនេះ នឹងជួយសម្រួលដល់ការកកស្ទះរាល់ការធ្វើ ដំណើររបស់បងប្អូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកសម្រាកលំហែកម្សាន្តក្នុងរដូវបុណ្យទាន ក៏ដូចជា ប្រជាពលរដ្ឋរស់នៅខេត្តកែប ឱ្យកាន់តែមានភាពងាយ ស្រួលប្រសើរជាងមុន។
នាឱកាសនោះដែរ លោក អភិបាលខេត្តកែប ក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋត្រូវរួមសហការគ្នាថែរក្សាផ្លូវនេះឱ្យបានល្អ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណ:ឱ្យបានយូរអង្វែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)