ភ្នំពេញ៖ រយៈពេល ៦ខែឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតសាងសង់ចំនួន១,៩៨៤គម្រោង ក្រោមទុនវិនិយោគ ១,០៤១លានដុល្លារ។ បើតាមការថ្លែងរបស់ លោក ឆារស៍ វ៉ាន់ តំណាងសមាគមអ្នកសាងសង់កម្ពុជា បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ភាគច្រើន គឺមកពីប្រទេសចិន ជប៉ុន ថៃ និងកូរ៉េ។
នៅក្នុងកម្មវិធីជួបជុំសំណេះសំណាល និងទំនាក់ទំនងធុរកិច្ចសំណង់លើកទី១២ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ លោក ឆារស៍ វ៉ាន់ បានលើកឡើងបន្តថា បើធៀបទៅនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០២១ បរិមាណគម្រោងដែលរដ្ឋាភិបាលបានអនុម័តសរុប គឺថយចុះជាងពាក់កណ្តាល។ ការថយចុះជាងពាក់កណ្តាល គឺនៅឆមាសទី១ ឆ្នាំ២០២១ គម្រោងចំនួន២,២៣៥ គម្រោង និងគិតជាទឹកប្រាក់មានជាង ២ពាន់លានដុល្លារ។
លោក ឆារស៍ វ៉ាន់ បានបន្តឱ្យដឹងទៀតថា នៅឆ្នាំ២០២១ ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់ មានចំនួន ៤,៣០៣គម្រោង មានទុនវិនិយោគជាង ៥,៣៣៣លានដុល្លារ និងក្នុងឆ្នាំ២០២០ មានចំនួន ៤,៨៤១គម្រោង ដែលប៉ាន់ស្មានទុនវិនិយោគ មានជាង ៧,៧៥៣លានដុល្លារ។
ទោះបីជាយ៉ាងនេះក្តី បើផ្អែកតាមប្រភពនៃការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យសំណង់ និងអចលនវត្ថុ នឹងមានការកើនឡើង បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល ពោលគឺនៅឆ្នាំ២០២២នេះ បើមិនមានការប្រែប្រួលអ្វីនោះទេ វិស័យសំណង់នៅក្នុងប្រទេសកម្ពុជានឹងកើនឡើង ៥.៤% រីឯវិស័យអលចនទ្រព្យកើន ៤.១% ហើយវិស័យទាំង២នេះ នឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀត។ បើតាមការលើកឡើងបន្ថែមរបស់ លោក ឆារស៍ វ៉ាន់។
ចំពោះការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក៏អាចមានសន្ទុះងើបឡើងវិញក្នុងសញ្ញាល្អ និងថែមទាំងអាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ផង។ បើតាមការបន្ថែមទៀតរបស់ លោក ឆារស៍ វ៉ាន់។
បើតាមសារាចរណែនាំស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យសំណង់ ត្រូវបានព្យាករថា នឹងបន្តងើបឡើងវិញក្នុងអត្រា ៧.២% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញ នៃរំហូរវិនិយោគទុនពីបរទេស សម្រាប់សំណង់បម្រើ ឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។
ចំពោះ វិស័យអចលនទ្រព្យវិញ ក្នុងឆ្នាំ២០២៣ខាងមុខនេះ រដ្ឋាភិបាលក៏បានក្តីរំពឹងថា នឹងអាចកើនឡើងប្រមាណ ៥.២%។ ការកើនឡើងនេះ ដោយមើលឃើញអំពីសកម្មភាពទិញ លក់ និងជួលអចលនទ្រព្យហក់ឡើងតម្លៃវិញ ហើយ ស្របពេលដែលការវិនិយោគ និងតម្រូវការក្នុងស្រុកលើវិស័យអចលនទ្រព្យ ផ្នែកលំនៅឋានមានតម្លៃទាប និងមធ្យមក៏កំពុងស្ថិតក្នុងតម្រូវល្អផង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)