ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកស្រ្តីជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ច ដោយសង្កេតឃើញថាស្ត្រីប្រមាណ ៨០% បានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យ និងជាកម្លាំងពលកម្មសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះ ៤៥% នៃកម្លាំងពលកម្មសរុប។ បើតាមការលើកឡើងរបស់ លោកស្រី តឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ការថ្លែងខាងលើ លោកស្រី តឹករ៉េក កំរង នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការអន្តរគម្រោង ក្រោមប្រធានបទ «ស្ត្រី និងវិស័យកសិ-ពាណិជ្ជកម្ម» ដែលបានធ្វើឡើងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ មានការចូលរួមពីភាគីពាក់ព័ន្ធ តំណាងក្រសួងកិច្ចការនារី តំណាងកម្មវិធី ASPIRE តំណាងគម្រោង SAAMBAT មន្ត្រីអនុវត្តគម្រោងអេមស៍នៃការិយាល័យគ្រប់គ្រងគម្រោង មន្ត្រីបង្គោលនៃមន្ទីរពាណិជ្ជកម្មខេត្តទាំង១៨។
លោក សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍) បានគូសបញ្ជាក់ថា ដើម្បីសម្រេចគោលដៅរបស់ខ្លួនពាក់ព័ន្ធនឹងសមភាពយេនឌ័រ គម្រោងអេមស៍បានរៀបចំផែនការសកម្មភាពយេនឌ័រសម្រាប់ឆ្នាំ២០២២ រួមាន៖ ១-កសិករជាស្ត្រីចំនួន ៥០% នឹងអាចទទួលបានសេវាកម្មដែលគាំទ្រដោយគម្រោង, ២-សមាជិកក្រុមផលិត ៥០% និងសមាជិកគ្រួសាររបស់ក្រុមផលិត ៥០% គឺជាស្ត្រី, ៣-ជំរុញការយល់ដឹងអំពីយេនឌ័រ និងការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី និង៤-ផ្តល់ឱកាស និងអត្ថប្រយោជន៍ដោយតម្លាភាព និងសមធម៌ដល់ស្ត្រី។
លោក សំរិទ្ធ សាកុរា បានលើកឡើងថា គោលដៅអភិវឌ្ឍន៍របស់គម្រោងអេមស៍ គឺដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយវិបុលភាពលើខ្សែច្រវាក់តម្លៃផលិតផលកសិកម្មសម្រាប់កសិករខ្នាតតូច រួមទាំងកសិករក្រីក្រស្រ្តី និងយុវជនតាមរយៈការតភា្ជប់ផលចំណេញ និងការផ្សាភ្ជាប់ទីផ្សារជូនពួកគាត់ឱ្យបានកាន់តែទូលំទូលាយ ដោយកៀរគរកសិករខ្នាតតូច រួមមានកសិករក្រីក្រចំនួន ៧៥,០០០គ្រួសារដែលជាសូចនាករគម្រោង។
លោកស្រី តឹករ៉េក កំរង បានធ្វើការថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអនុវត្តគម្រោងទាំងបី ជាពិសេសគម្រោងអេមស៍ ដែលបានខិតខំប្រឹងប្រែងអនុវត្តយ៉ាងសកម្ម ក្រោមការដឹកនាំរបស់ លោក សំរិទ្ធ សាកុរា។
លោកស្រី តឹករ៉េក កំរង បានគូសបញ្ជាក់ថា ការជឿជាក់ទៅលើកិច្ចការទាំងនេះនឹងជំរុញការបញ្ជ្រាបយេនឌ័រក្នុងកិច្ចការអន្តរវិស័យ ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចបាននូវចក្ខុវស័យកម្ពុជាឆ្នាំ២០៥០ ព្រមទាំងគោលនយោបាយ និងយុទ្ធសាស្ត្រជំរុញពាណិជ្ជកម្ម ដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
នៅកិច្ចបញ្ចប់ លោកស្រី តឹករ៉េក កំរង បានផ្ដល់អនុសាសន៍ណែនាំដល់គម្រោងទាំងបី ដើម្បីសហការគ្នាជាធ្លុងមួយ ជំរុញការចូលរួមរបស់ស្រ្តីក្នុងសកម្មភាពរបស់គម្រោងតាមរយៈ បន្តបង្កើនចំនួនអ្នកទទួលផលគោលដៅជាស្រ្តី និងការជំរុញស្រ្តីមានតួនាទីជាអ្នកដឹកនាំក្នុងក្រុមផលិតគោលដៅ រួមបង្កើតយន្តការអន្តរាគមន៍ និងការគាំទ្រនានាដើម្បីអនុញ្ញាតឱ្យស្រ្តីចូលរួមក្នុងផលិតកម្ម និងការធ្វើអាជីវកម្មឱ្យបានកាន់តែសកម្ម។
លោកស្រី បានលើកឡើងដោយសង្កតធ្ងន់ថា តាមរយៈ ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបញ្ចេញមតិយោបល់របស់ស្រ្តីលើផលិតកម្មនិងការធ្វើអាជីវកម្ម, ផ្តល់បច្ចេកទេសនវានុវត្តន៍ដល់ស្រ្តីដើម្បីកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្មនៅក្នុងផលិតកម្ម, ជំរុញលើកទឹកចិត្តនិងបង្កើនភាពអង់អាចដល់ស្រ្តីក្នុងការស្នើសុំមូលនិធិគាំទ្រ និងការស្នើសុំឥណទានសម្រាប់បង្កើនវិសាលភាពផលិតកម្ម ដែលជាគោលដៅចុងក្រោយ ហើយនិងបង្កើនជីវភាពរស់នៅរបស់ពួកគេផ្ទាល់។
ជាមួយគ្នា បង្កើនជំនាញរបស់ស្រ្តីជាកសិ-ពាណិជ្ជករ ដែលមានភាពចម្រុះគ្នារវាងជំនាញរឹង និងជំនាញទន់ ក្នុងនោះអាចមានជំនាញទាក់ទងទៅនឹង, -ផលិតកម្មបែបទំនើបកម្ម, -ការយល់ដឹងពីសមភាពយេនឌ័រ ផ្នែកសង្គម សេដ្ឋកិច្ច និងផ្លូវចិត្ត, -ការយល់ដឹងបន្ថែមពីចំណេះដឹងអាជីវកម្ម ពិសេសផ្នែក អក្ខរកម្ម-ឌីជីថល សម្រាប់ទទួលបានព័ត៌មានទីផ្សារជាដើម សំដៅអភិវឌ្ឍសមត្ថភាពរបស់ស្រ្តី ឱ្យស្របតាមនិនា្នការសាកល និងបម្រែប្រមួលលំនាំធ្វើពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្ម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)