ភ្នំពេញ៖ រយៈពេល ៦ខែឆ្នាំ២០២២ កម្ពុជា បានទទួលភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៥១ម៉ឺននាក់ កើនឡើងប្រមាណ ៣៩៤.១% និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ៧លាននាក់ ធៀបនឹងគ្រាដូចគ្នានៅឆ្នាំ២០២១។ បើតាមកាថ្លែងរបស់ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ
លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៥៦ ដែលរៀបចំដោយ ឡាវ និងដឹកនាំអង្គប្រជុំដោយឥណ្ឌូណេស៊ី ក្នុងការពិនិត្យនិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តរបស់គណៈកម្មការទេសចរណ៍អាស៊ាន និងដៃពាក់ព័ន្ធដើម្បីផ្តល់ក្នុងការតម្រង់ទិសក្នុងការអនុវត្តផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញក្រោយវិបត្តិកូវីដ-១៩ កាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០២២។
បើតាម លោក ថោង រដ្ឋសក្តិ ដែលបានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំទាំងនេះ ទទួលបានលទ្ធផលដូចខាងក្រោម៖
១-ពិនិត្យ និងវាយតម្លៃការអនុវត្តសេចក្តីសម្រេច របស់អង្គប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៥ នៅអំឡុងវេទិកាទេសចរណ៍អាស៊ាន២០២២ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខេត្តព្រះសីហនុ។
២-ពិនិត្យនិងវាយតម្លៃការរៀបចំក្របខណ្ឌ គោលនយោបាយ ស្តីពីការអភិវឌ្ឍគោលដៅទេសចរណ៍ តំបន់អាស៊ានប្រកបដោយចីរភាព ដោយផ្អែកលើការវាយតម្លៃផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ និងជំងឺផ្សេងៗ ដែលនឹងត្រូវអនុម័តដោយកិច្ចប្រជុំកំពូលអាស៊ាន ២០២២ ដែលកម្ពុជាជាប្រធានអាស៊ានផងដែរ។
៣-រៀបចំការសិក្សាស្តីពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកស្តីពីអ្នកជំនាញទេសចរណ៍ ដើម្បីរៀបចំ និងធ្វើឱ្យប្រសើឡើងនូវយន្តការនេះសម្រាប់អ្នកជំនាញទេសចរណ៍អាស៊ាន ក្នុងគោលដៅអាចឱ្យអ្នកជំនាញទេសចរណ៍អាចចល័តការងារនៅក្នុងតំបន់អាស៊ានត្រឹមឆ្នាំ២០២៥។
៤-អាស៊ានបានកំណត់ផែនការអាទិភាពសម្រាប់ឆ្នាំ២០២២-២០២៣ ដែលស្ថិតក្រោមសរសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន Digitalisation និងការអភិវឌ្ឍតំបន់អេកូទេសចរណ៍ និងឆ្ពោះទៅកាន់ការបន្ថយការបញ្ចេញឧស្ម័នកាបូនិក (Decarbonization) ដែលស្របតាមគោលនយោបាយជាតិស្តីពីអេកូទេសចរណ៍ដែលបានអនុម័តដោយរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០១៨។
៥-ប្រទេសអាស៊ានបូកបីបានប្តេជ្ញា ក្នុងការជំរុញស្តារវិស័យទេសចរណ៍អាស៊ានបូកបីឡើងវិញ តាមរយៈការអនុវត្តសកម្មភាពផែនការ សហប្រតិបត្តិការអាស៊ានបូកបី ២០២១-២០២២ ព្រមទាំងជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍តាមរយៈគម្រោងមួយចំនួន ជាពិសេសតាមរយៈមជ្ឈមណ្ឌលអាស៊ាន-ចិន មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ។
៦-ប្រទេសអាស៊ាន-ឥណ្ឌាបានប្តេជ្ញាក្នុងការស្តារវិស័យទេសចរណ៍អាស៊ាន-ឥណ្ឌា ជាពិសេសផ្តោតសំខាន់លារសហគ្រាខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ព្រមទាំងឥណ្ឌាសន្យាជួយបណ្តុះបណ្តាលផ្នែកឌីជីថលដល់ប្រទេសសមាជិកអាស៊ាន។
រយៈពេល ៥ខែ ចាប់ពីខែមករា-ខែឧសភា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងតំបន់អាស៊ានសរុប ២១៧,០៣៨នាក់ កើនជាង ២៨២% បើធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២២ ដែលក្នុងនោះភ្ញៀវមកពីវៀតណាមជិត ៥០%។ បើតាមរបាយការណ៍ក្រសួងទេសចរណ៍។
បើតាមរបាយការណ៍ដដែល បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវបរទេសជា ២១ម៉ឺននាក់ គឺមកពីវៀតណាម ១០៦,៦២៨ នាក់ កើន ១,៧២៨% បើធៀបនឹងឆ្នាំ២០២១, ថៃ ៦៨,៨៨៧នាក់ កើន ៤៨,៥%, ឥណ្ឌូនេស៊ី ១៦,៨៦១នាក់ កើន ៤៣៧,៣%, ម៉ាឡេស៊ី ១០,៨៣០នាក់ កើន ១,៣៤៥.៩%, សិង្ហបុរី ៥,៧៣៧នាក់ កើន ៣,២៥៥%, ហ្វីលីពីន ៥,២៦០នាក់ កើន ១,៣២៩.៣%, មីយ៉ាន់ម៉ា ១,៦៥៥នាក់ កើន ១,៥២២.៥%, ឡាវ ១,០១០នាក់ កើន ២,៩៦០%, ចំណែកប្រទេសប្រ៊ុយណេ ៩៧នាក់ និងទីម័រ ៧៣នាក់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)