ភ្នំពេញ៖ កម្ពុជា នឹងមានកំណើនប្រចាំឆ្នាំការនាំចេញក្នុងរង្វង់ប្រមាណពី ៩,៤% ទៅ ១៨% ដែលនឹងចូលរួមចំណែកក្នុង កំណើនសេដ្ឋកិច្ចជាតិបន្ថែមប្រចាំឆ្នាំប្រមាណពី ២% ទៅ ៣,៨%, កំណើនឱកាសការងារប្រចាំឆ្នាំប្រមាណពី ៣,២% ទៅ ៦,២% និងកំណើតចំណូលពន្ធប្រចាំឆ្នាំប្រមាណ២% ទៅ ៣,៩% ផងដែរ។ បើតាមការថ្លែងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងពីលទ្ធផលការសិក្សាដែលធ្វើឡើងដោយវិទ្យាស្ថាន ERIA។
ការថ្លែងខាងលើរបស់ លោក ប៉ាន សូរស័ក្តិ បានអញ្ជើញចូលរួមជាអធិបតីបើកកម្មវិធីសិក្ខាសាលាថ្នាក់ជាតិជាសេរ៊ីលើកទី១ ស្តីពី «ការយល់ដឹងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម» កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។
សិក្ខាសាលានេះ គឺជាកិច្ចអន្តរាគមន៍ដ៏ទាន់សភាពការណ៍មួយ បន្ថែមលើយន្តការផ្សព្វផ្សាយដែលក្រសួងពាណិជ្ជកម្មបានដាក់ចេញនិងអនុវត្តនាពេលកន្លងមក។ នេះបើតាមការគូសបញ្ជាក់របស់ លោក ប៉ាន សូរស័ក្តិ បានបន្តថា សិក្ខាសាលានេះ គឺធ្វើឡើងដើម្បីការបញ្ជ្រៀបការយល់ដឹង និងព័ត៌មានឱ្យដល់វិស័យឯកជន ធុរកិច្ចជន ផលិតករ និងអ្នកនាំចេញ ក្នុងការចាប់យកកាលានុវត្តន៍ភាព ហ់យនិងទាញយកផលប្រយោជន៍ជាអតិបរមារពីការបើកច្រកទីផ្សារក្រោមកិច្ចព្រមព្រៀងអាសិបនេះ ក្រោយចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅ។
វិធានដើមកំណើតទំនិញ ក្រោមកិច្ចព្រមព្រៀងអាសិប ដែលមានលក្ខណៈសាមញ្ញនិងងាយបំពេញបានដូចនេះ នឹងជួយជំរុញកម្ពុជាធ្វើសមាហរណកម្មខ្លួនចូលក្នុងខ្សែច្រវ៉ាក់ផលិតកម្មតំបន់កាន់តែឆាប់រហ័ស និងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ បើតាមការបន្តទៀតរបស់ លោក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបន្ថែមថា មិនតែប៉ុណ្ណោះ ការបើកទីផ្សារក្រោមកិច្ចព្រមព្រៀងអាសិបនេះ គួបផ្សំនឹងវិធានដើមកំណើតដែលមានលក្ខណៈសាមញ្ញ វិធានបូកបន្ថែម និងការធ្វើសាមញ្ញកម្មនីតិវិធីរដ្ឋបាល ក៏នឹងក្លាយជាកម្លាំងចលករក្នុងការ ជួយដល់ដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។
លោក បានបន្ថែមទៀតថា ជួយបង្វែរការវិនិយោគផ្ទាល់ពីបរទេសចេញពីប្រទេសសមាជិកអាសិបផ្សេងទៀតដែលមានថ្លៃពលកម្មខ្ពស់ ឱ្យងាកមកវិនិយោគនៅកម្ពុជា ដោយផ្អែកលើគុណប្រយោជន៍នៃថ្លៃពលកម្មសមរម្យ និងកម្លាំងពលកម្មវ័យក្មេង ដែលកត្តាទាំងនេះនឹងរួមចំណែកដល់ការបង្កើនចំណូលជាតិ តាមរយៈការប្រមូលពន្ធ និងការបង្កើនឱកាសការងារ។
នាឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តដល់អ្នកចូលរួម ពិសេសអ្នកនាំចេញ ឱ្យទាញផលប្រយោជន៍ជាអតិបរិមាពីសិក្ខាសាលានាថ្ងៃនេះ តាមរយៈការសាកសួរទៅកាន់មន្ត្រីជំនាញទទួលបន្ទុកផ្ទាល់ជុំវិញបញ្ហាបច្ចេកទេស និងនីតិវិធីក្នុងការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អាសិប តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងអាសិប គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់លើ៖ ១-ប្រជាជនប្រមាណ ២.២ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក, ២-ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ទ្រីលានដុល្លារ ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង ៣-ទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)