Register Already an agent ? Login

៥ខែឆ្នាំ២០២២ កម្ពុជានាំចូលប្រេងឥន្ធនៈក្នុងទឹកប្រាក់ជិត ១ពាន់លានដុល្លារ កើនជិត ៦០%

ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២ កម្ពុជាបាននាំចូលប្រេងឥន្ធនៈ មានតម្លៃជាង ៩៧១លានដុល្លារ កើន ជាង ៣៥៤លានដុល្លារ ឬស្មើនឹង ៥៧.៣៦% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង ៦១៧លានដុល្លារ។ តាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានបន្តថា ការនាំចូលប្រេងសាំងមានតម្លៃជាង ៣៤១លានដុល្លារ កើន ១០៣.១១% និងប្រេងម៉ាស៊ូតមានតម្លៃ ៦២៩លានដុល្លារ កើន ៤០.២០% បើធៀបនឹងឆ្នាំ២០២១។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ទោះបីបច្ចុប្បន្នតម្លៃប្រេងឥន្ធនៈ នៅកម្ពុជាប្រេងថ្លៃបន្តិចមែន ប៉ុន្តែកម្ពុជាមិនទាន់ប្រឈមនឹងកង្វះខាត ប្រេងសម្រាប់ផ្គត់ផ្គង់ ក្នុងប្រទេសនៅឡើយទេ ដោយក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុនឯកជន អនុវត្តយុទ្ធសាស្រ្តស្តុកប្រេង សម្រាប់ផ្គត់ផ្គង់ និងបម្រើការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ឱ្យបានយ៉ាងហោចណាស់ ២០ថ្ងៃ។

លោក បានលើកឡើងបន្តថា តម្លៃនៃការនាំចូលប្រេងឥន្ធនៈនៅរយៈពេល ៥ខែនេះ កើនឡើងរហូតដល់ជាង ៥០% គឺបណ្តាលមកពីការហក់ឡើងនៃតម្លៃប្រេង នៅលើទីផ្សារអន្តរជាតិជាបន្តបន្ទាប់ បន្ទាប់ពីផ្ទុះសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន។

លោក បានបន្ថែមថា តាំងពីដើមដែលប្រេងសាំងបានចាប់ផ្តើមកើន កើនឡើងប្រហែលជិត ៣ដង ហើយប្រទេសកម្ពុជា ជាប្រទេសនាំចូលប្រេងសុទ្ធសាធ មិនបានផលិតប្រេងខ្លួនឯងទេ ដូច្នេះ ការនាំចូលនេះតម្លៃកត់ត្រានៃការនាំចូលនេះតម្លៃក៏វាកើនតាមហ្នឹងដែរ។

តម្លៃប្រេងសាំង នៅលើទីផ្សារអន្តរជាតិ ថ្លៃជាមធ្យមជាង ១៤៩ដុល្លារ ក្នុង១ប៉ារ៉ែល និងប្រេងម៉ាស៊ូត ថ្លៃជាមធ្យម ១៧៩ដុល្លារក្នុ ង១ប៉ារ៉ែល។ បើតាមការបន្ថែមរបស់ លោក ប៉ែន សុវិជាតិ.

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ៣០ខែមិថុនា តម្លៃសាំងធម្មតាក្នុងប្រទេសកម្ពុជា ក្នុង1លីត្រ ៥៨០០រៀល ខណៈប្រេងម៉ាស៊ូតកើនថ្លៃ ២០០រៀលទៀត ដល់៦៣០០រៀល ក្នុង១លីត្រ។ ចំណែកនៅក្នុងប្រទេសថៃ តម្លៃប្រេងសាំងក្នុង១លីត្រប្រមាណ ៣៤បាត ឬជិត ៤០០០រៀល។ រីឯក្នុងប្រទេសវៀតណាម តម្លៃសាំងជាមធ្យមកើនឡើងដល់ប្រមាណ ១.៥ដុល្លារ ឬប្រមាណ ៦០០០រៀល ក្នុង១លីត្រ។

តាមការប៉ាន់ប្រមាណប្រទេសកម្ពុជា បាននាំចូលប្រេងឥន្ធនៈចន្លោះពីជាង ២លានតោន ទៅ៣លានតោន ក្នុង១ឆ្នាំ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)