Register Already an agent ? Login

រាជរដ្ឋាភិបាល នឹងធ្វើពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ នៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២

ភ្នំពេញ៖ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ស្របជាមួយនិងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅលើទឹកដីខេត្តព្រះសីហនុ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។ បើតាមកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដឹកនាំដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

កិច្ចប្រជុំនេះ ដែរបានរៀបចំនៅទីស្តីការក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់​ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងផ្នែកឯកជនជាច្រើនរូបទៀតផងដែរ។

នៅក្នុងកិច្ចប្រជុំខាងលើ លោក ថោង ខុន បានថ្លែងអំពាវនាវ ដល់វិស័យឯកជនទាំងអស់ត្រូវដាក់ចេញនូវកញ្ចប់ទស្សនកិច្ច ក្នុងតម្លៃឱ្យបានសមរម្យនិងរស់រវើក និងបត់បែនឱ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាទាក់ទាញឱ្យបានសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដោយធ្វើយ៉ាងណាសម្រួលនូវរបាំងនៃការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យកាន់តែមានភាពងាយស្រួល។

លោក រដ្ឋមន្ត្រី បានកត់សំគាល់ដែរថា ឋិតនៅក្នុងដំណាក់កាលក្រោយកូវីដ-១៩នេះ និន្នាការនៃការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ គឺមិនមានច្រើនដូចមុនកូវីដនោះទេ ដោយកត្តាជីវភាពទាំងភ្ញៀវក្នុងស្រុក និងក្រៅស្រុក ដូចនេះវិស័យឯកជន ជាមួយនឹងការកែប្រែលើកកម្ពស់គុណភាពសេវារបស់ខ្លួនឱ្យល្អហើយនោះ។

លោក បានមានប្រសាសន៍គូសបញ្ជាក់ថា «សំខាន់ គឺត្រូវរៀបចំកញ្ចប់សេវាទស្សនកិច្ចរបស់ខ្លួនឱ្យកាន់តែរស់រវើក និងតម្លៃឱ្យបានសមសម្យ ដោយមើលទៅលើកត្តាជីវភាព និងការដើរកម្សាន្តរបស់ពលរដ្ឋ និងដើម្បីជាការប្រកួតប្រជែង ជាមួយនឹងទីផ្សារក្រៅស្រុកផងដែរ»។

លោក ថោង ខុន ក៏បានបង្ហាញជំនឿជាក់ថា បើសិនជាវិស័យឯកជនបានរៀបចំតម្លៃតម្លៃទស្សនកិច្ចបានថោកសមរម្យ ព្រមជាមួយនឹងការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិ ចូលមកក្នុងប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួលផងនោះ វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា និងអាចទទួលបានភ្ញៀវទេសចរ កាន់តែច្រើនឡើងបន្ថែមទៀតផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)