ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នបាននឹងកំពុងសាងសង់នៅលើទំហំប្រមាណ ២៦០០ហិកតា នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាប់ខេត្តតាកែវ និងមានចំងាយពីប្រមាណ ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ បានចំណាយថវិកាអស់ប្រមាណ ៤៦១លានដុល្លា វឌ្ឍនភាពសម្រេចបាន ៣៥%។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងថា គម្រោងសាងសង់ព្រលានសម្រាប់ចុះចតយន្តហោះខ្នាតយក្ស 4F នឹងបញ្ចប់ការសាងសង់នៅ២០២៤ ហើយដាក់ឱ្យដំណើរការផ្លូវនៅដើមឆ្នាំដើម២០២៥ ខណៈ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បានជាង ៣៥ភាគរយហើយ។
អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ បានចាប់ផ្តើមដំណើរកសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ហើយក្នុងរយៈពេលជាង ២ឆ្នាំនេះ បើទោះជាកម្ពុជាជួបវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការការសាងសង់ព្រលានយន្តហោះអន្តរជាតិមួយនេះ នៅតែបន្តដំណើរការការសាងសង់យ៉ាងសកម្មភាព នៅលើប្លង់ព្រលានយន្តហោះលំដាប់ផ្កាយ៥ និងមានរចនាបថទំនើបរបស់អន្តរជាតិ។ បើតាមការថ្លែងបន្តរបស់ លោក ម៉ៅ ហាវណ្ណាល់។
កាលពីពាក់កណ្ដាលខែមិថុនានេះ លោក ម៉ៅ ហាវណ្ណាល់ អ្នកវិនិយោគជាច្រើនរូបទៀត បានអញ្ជើញទស្សនាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាល លោក បានថ្លែងបញ្ជាក់ថា ពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់រួចហើយ គឺកម្ពុជា អាចនឹងទទួលប្រភេទយន្តហោះខ្នាតយក្ស ដឹកអ្នកដំណើរអន្តរជាតិ ឆ្លងទ្វីបមកពីប្រទេសឆ្ងាយៗ មកចុះចតនៅរាជធានីភ្នំពេញនេះ ជាពិសេសនៅពេលដែលកម្ពុជាមានកំណើនអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំបន្តបន្ទាប់ខាងមុខ។
លោក ឆារស៍ វ៉ាន់ អគ្គនាយករង ក្រុមហ៊ុន OCIC និងប្រធានក្រុមហ៊ុន Cambodia Airport Investment (CAIC) បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នបាននឹងកំពុងសាងសង់នៅលើទំហំប្រមាណ ២៦០០ហិកតា នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាប់ខេត្តតាកែវ និងមានចំងាយពីប្រមាណ ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។
ការសាងសង់មាន ៣ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ក្រុមហ៊ុនបាននឹងកំពុងសាងសង់ផ្លូវរត់ចំងាយ ៤គីឡូម៉ែត្រ សម្រាប់ចុះចតយន្តហោះខា្នតយក្ស 4F និងមានសមត្ថភាពទទួលអ្នកដំណើរបានជាង ១៥លាននាក់ក្នុង១ឆ្នាំ។ បើតាមការថ្លែងបន្តរបស់ លោក ឆារស៍ វ៉ាន់។
លោក បានបន្តទៀតថា នៅឆ្នាំ២០៣០ ដំណាក់កាលទី២ ក្រុមហ៊ុននឹងពង្រីកសាងសាងអាចទទួលអ្នកដំណើររហូតដល់ ៣០លាននាក់ ក្នុង១ឆ្នាំនៅឆ្នាំ២០៥០ និងដំណាក់កាលទី៣ បន្តពង្រីកសាងសង់ ដើម្បីទទួលអ្នកដំណើរជាតិអន្តរជាតិឱ្យបាន ៤៥លាននាក់ក្នុង១ឆ្នាំ នៅឆ្នាំ២០៥០តទៅ។
សូមបញ្ជាក់ថា CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់ រចនា ប្លង់សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ខេត្តកណ្តាល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)