ភ្នំពេញ៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ គម្រោងសាងសង់សរុបមានចំនួន ១០០១គម្រោង បានធ្លាក់ចុះ ៦៥គម្រោង ស្មើនឹង៦,១ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ តាមតាមព្រឹត្តិបត្រស្ថិតិរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ព្រឹត្តិបត្រស្ថិតិ របស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា «ការធ្លាក់ចុះនេះរួមមាន៖ គម្រោងប្រភេទសំណង់សាធារណៈ សំណង់លំនៅឋាន ភូមិគ្រឹះ សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍»។
នៅក្នុងព្រឹត្តិបត្រស្ថិតិរបស់ក្រសួង បានព្យាករណ៍ថា វិស័យសំណង់រំពឹងថានឹងងើបឡើងវិញក្នុងអត្រា ៣% នៅក្នុងឆ្នាំ២០២២នេះ ដោយសារតែកំណើននៃការផ្ដល់ឥណទានលើវិស័យសំណង់បានបន្តកើនឡើង ស្របពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តតាមដាន និងដាក់ចេញគោលនយោបាយអន្តរាគមន៍ ឱ្យបានទា់ពេលវេលាសំដៅបញ្ចៀសហានិភ័យ ដែលអាចនឹងកើតឡើង។
ក្នុងឆ្នាំ២០២២ ការវិនិយោគលើសំណង់ក្នុងប្រទេសកម្ពុជា ភាគច្រើនជាអ្នកវិនិយោគក្នុងស្រុក ដោយមិនទាន់មានការវិនិយោគពីខាងក្រៅច្រើននៅឡើយទេ ដោយរំពឹងថានៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយនឹងមានការវិនិយោគពីខាងក្រៅឡើងវិញ។ បើតាមការលើកឡើងរបស់ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម។
លោក បានលើកឡើងបន្តថា ទន្ទឹមនឹងការរំពឹងនៃការកើនឡើងនៃវិស័យសំណង់ប្រមាណ ៣% វិស័យនេះក៏ត្រូវបានរងផលប៉ះពាល់មួយទៀតពីឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន នាំឱ្យមានការកើនឡើងនៃប្រេងឥន្ធនៈ ដែលជំរុញឱ្យតម្លៃសម្ភារៈសំណង់ក៏មានការកើនឡើងថ្លៃផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)