ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួន ៣៦៣,០០០,០០០លានយ៉េន (ប្រមាណ ៣លាន៣សែន៦ម៉ឺនដុល្លារ លើ «គម្រោងកម្មវិធីអាហារូបករណ៍សម្រាប់ការអភិវឌ្ឍធនធានមនុស្ស» ដែល បានគេស្គាល់ថា JDS។
ជំនួយឥតសំណងនេះ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ។
ក្រោមហិរិញ្ញប្បទានឥតសំណងនេះ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៦រូប រួមមានបេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២៤រូប និងថ្នាក់បណ្ឌិតចំនួន ២រូប នឹងទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗជាច្រើនក្នុងប្រទេសជប៉ុន។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសម្តែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលមិនត្រឹមតែផ្ដល់ហិរញ្ញប្បទានឥតសំណង JDS និងអាហារូបករណ៍ដល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ បើតាមការថ្លែងរបស់ លោក ប្រាក់ សុខុន។
លោក បានថ្លែងបន្តថា ចាប់តាំងពីគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ឬ «JDS» ត្រូវបានផ្តល់ជូនប្រទេសកម្ពុជានៅឆ្នាំ២០០០ គម្រោងនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ដល់មន្ត្រីរាជការកម្ពុជាចំនួន ៥២២រូប មកពីក្រសួង-ស្ថាប័ននានា ដែលក្នុងនោះ មាន ២៧រូប ជាមន្ត្រីក្រសួងការបរទេស។ ក្នុងនោះ មានមន្ត្រីចំនួន ៤៣៩រូប បានវិលត្រឡប់កម្ពុជាវិញ ហើយមួយចំនួនទៀតបានកាន់មុខតំណែងជាអ្នកដឹកនាំ និងមុខតំណែងសំខាន់ៗជាច្រើន នៅតាមក្រសួង-ស្ថាប័នរបស់ពួកគេរៀងៗខ្លួន។
លោក ប្រាក់ សុខុន បានថ្លែងបន្ថែមថា ប្រទេសទាំង២ ក៏បានរក្សាការផ្លាស់ប្តូរទស្សនកិច្ចនិងទំនាក់ទំនងកំរិតខ្ពស់ជាញឹកញាប់ ដែលបានបង្ហាញជាក់ស្តែង រួមមានដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន មកកាន់ប្រទេសកម្ពុជា កាលពីខែមីនាឆ្នាំនេះ និងការអញ្ជើញចូលរួមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីទឹក លើកទី៤ នៅទីក្រុងគូម៉ាម៉ូតូក្នុងខែមេសា ឆ្នាំ២០២២ ក៏ដូចជាការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្ត្រីយោធាជាន់ខ្ពស់ជាដើម។
បើតាមស្ថានទូតជប៉ុន វិធានការរឹតត្បិតនៅតាមព្រំដែនរបស់ប្រទេសជប៉ុនដែលត្រូវបានដាក់ចេញដោយសារតែជំងឺកូវីដ-១៩ ត្រូវបានបន្ធូរបន្ថយនាពេលថ្មីៗនេះ។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរ ធុរជន សិស្ស និស្សិត ត្រូវបានរំពឹងថានឹងអាចចូលប្រទេសជប៉ុនមួយជំហានម្តងៗ។
ស្ថានទូតបានបន្ថែមថា យើងសង្ឃឹមថាស្ថានការណ៍នឹងកាន់តែប្រសើរឡើង ហើយជំនួយនេះអាចរួមចំណែកបន្ថែមទៀតដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាតាមរយៈការសម្រួលដល់ការផ្លាស់ប្តូររវាងប្រទេសជប៉ុន និងកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)