Register Already an agent ? Login

កម្ពុជា-ថៃ គ្រោងបង្កើតច្រកព្រំដែនខេត្តពោធិ៍សាត់ និងខេត្តត្រាត ជាច្រកអន្តរជាតិដើម្បីបើកលំហូរសេដ្ឋកិច្ច និងទេសចរណ៍

ភ្នំពេញ៖ អភិបាលរងខេត្តពោធិ៍សាត់ និងអភិបាលរងខេត្តត្រាត បានបើកកិច្ចប្រជុំ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទេសចរណ៍ និងលើកកម្ពស់ច្រកព្រំដែនថ្មដា ខេត្តពោធិ៍សាត់ និងច្រកបានថាសេន ខេត្តត្រាត ទៅជាច្រកព្រំដែនអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ។

កិច្ចប្រជុំគ្រោងបង្កើតជាច្រកព្រំដែនអន្តរជាតិនេះ ធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំត្បូងក្រហម (ផ្លយដែង) នៃសាលាខេត្តត្រាត ប្រទេសថៃ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរផងដែរ។

រដ្ឋបាលខេត្តពោធី៍សាត់បានឱ្យដឹងថា ឆ្លងកាត់ការប្រជុំពិភាក្សារយៈពេលជាង ១ម៉ោងកន្លង ភាគីទាំងពីរ បានយល់ស្របគ្នា ដើម្បីធ្វើរបាយការណ៍គោរពជូនរាជរដ្ឋាភិបាលរៀងៗខ្លួន ក្នុងការជំរុញបើកច្រកអន្តរជាតិ ថ្មដា-បានថាសេន ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន សំដៅតភ្ជាប់ខឿនសេដ្ឋកិច្ច និងទេសចរណ៍ ជាប្រយោជន៍របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។

នៅក្នុងជំនួបខាងលើនេះដែរ ភាគីទាំងពីរ កម្ពុជា-ថៃ បានទទួលយកការរៀបចំកិច្ចប្រជុំរៀងរាល់ ៣ខែម្តង ឆ្លាស់វេនគ្នា ដែលត្រូវធ្វើឡើងរវាងអភិបាលខេត្តទាំង២ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ឈានទៅរកផ្លូវមួយដែលល្អរួមគ្នា ក្នុងការពន្លឿនបើកច្រកអន្តរជាតិខាងលើ ឱ្យទទួលបានជោគជ័យ។ បើតាមរដ្ឋបាលខេត្តដដែល។

យោងតាមកំណត់ហេតុ នៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ កាលពីថ្ងៃទី២៣-២៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោក អានុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានព្រមព្រៀងគ្នាដំឡើងកម្រិតច្រកទ្វារព្រំដែនអន្តរជាតិ ចំនួន ៤រួមមាន៖

១-ច្រកអានសេះ ខេត្តព្រះវិហារ ទល់មុខច្រកអានម៉ា ខេត្តឧប៊ុនរាជធានី

២-ច្រកថ្មដា ខេត្តពោធិ៍សាត់ ទល់មុខច្រកបានថាសេន ខេត្តត្រាត

៣-ច្រកភ្នំដី ខេត្តបាត់ដំបង ទល់មុខច្រកបានខៅឌិន ខេត្តស្រះកែវ

និង៤-ច្រកជប់គគីរ ខេត្តឧត្តរមានជ័យ ទល់មុខច្រកសាយតាគូ ខេត្តបុរីរាំ។

ភាគីប្រទេសទាំងពីរ បានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីពន្លឿនការបើកឱ្យដំណើរការច្រកព្រំដែនទាំង៤ ខាងលើ ជាច្រកទ្វារព្រំដែនអន្តរជាតិ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)