Register Already an agent ? Login

កម្ពុជា ទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូចំនួន ១៧០លានដុល្លារ

ភ្នំពេញ៖ រយៈពេល ៥ខែ ចាប់​ពី​ខែ​មករា ដល់​ឧសភា ឆ្នាំ២០២២ ​ចំណូលពីការ​នាំ​ចេញ​ជ័រ​កៅស៊ូ និង​ឈើកៅស៊ូ មាន​ចំនួន ១៧០,២៨២,០៣១​ដុល្លារ ​ក្នុង​នោះ ជ័រ​កៅស៊ូមាន​ចំនួន ១៦៨,៤៦៨,៦៤០ដុល្លារ និង​ឈើ​កៅស៊ូមានចំនួន ១,៨១៣,៣៩១ដុល្លារ។ នេះបើតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​កៅស៊ូ។

​ការនាំចេញ​ជ័រកៅស៊ូក្នុង​បរិមាណ ១០៥,០៤៨តោន ៥​ខែឆ្នាំ២០២២ មាន​ការ​កើន​ឡើង ៣% ខណៈ​ដែល​តម្លៃ​បាន​ថយចុះ ៧១​ដុល្លារ ក្នុង​១​តោន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២១។ បើតាមរបាយការណ៍ខាងលើ បានបន្តថា គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ២០២២ តម្លៃ ១,៦០៤​ដុល្លារ ក្នុង១​តោន បាន​ថយ​ចុះ​ចំនួន ៧១ដុល្លារ ក្នុង១​តោន ស្មើ​នឹង ៤% ធៀប​នឹង​រយៈពេល​ដូចគ្នាឆ្នាំ២០២១។

លោក ហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បានមានប្រសាសន៍ឱ្យដឹងថា ក្នុង​ខែ​ឧសភា តម្លៃ​មធ្យម​នៃ​ប្រភេទ​កៅស៊ូ​ធម្មជាតិ​បាន​បង្ហាញ​ការ​ធ្លាក់​ចុះ​របស់​ទីផ្សារ​អរន្តជាតិ បើ​ធៀប​ខែ​មេសា។

លោក បានមានប្រសាសន៍បន្តទៀតថា ចំពោះ​កម្ពុជា​ទីផ្សារ​កៅស៊ូ គឺ​អាស្រ័យ​ទីផ្សារ​អន្តរជាតិ ព្រោះ​ជា​ផលិតផល​នាំ​ចេញ​ស្ទើរតែ ១០០% ការ​ធ្លាក់​នេះ​បណ្តាល​មក​ពី ការ​ភ័យខ្លាច​នៃ​អតិផរណា ការ​ដំឡើង​អត្រាការ​ប្រាក់​នៅ​ក្នុង​អាមេរិក តម្លៃ​រូបិយប័ណ្ណ​ធ្លាក់​ចុះ​ក្នុង​បណ្តា​ប្រទេស​នាំចេញ​កៅស៊ូ​សំខាន់ៗ ​និង​ការ​បន្ត​បិទ​ខ្ទប់​ក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន។

សូមរម្លឹកថា គិត​ត្រឹម​ឆ្នាំ២០២១ ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន ៤០៤,០៤៤ហិកតា ក្នុង​នោះ ផ្ទៃដី​ចៀរជ័រ​មានចំនួន ៣១០, ១៩៣ហិកតា កើន​ឡើង​ជាង ៦% ធៀប​នឹងគ្រា​ដូច​គ្នា​ក្នុង​ឆ្នាំ២០២០។

តាម​រយៈកំណើន​នេះ អគ្គនាយកដ្ឋានកៅស៊ូ​បាន​ព្យាក​រថា ចាប់​ពី​ឆ្នាំ២០២២ កម្ពុជា​នឹង​អាច​នាំ​ចេញ​កៅស៊ូ​បាន​ជាមធ្យម ៤០​ម៉ឺន​តោន ក្នុង១​ឆ្នាំៗ ដោយ​នឹង​អាច​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី ក៏​ដូចជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​បាន​ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)