ភ្នំពេញ៖ កម្ពុជា បានដាក់គម្រោងធំៗចំនួន៥ ស្នើទៅរដ្ឋាភិបាលចិន ផ្ដល់ហិរញ្ញប្បទានសម្បទាន អភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ រួមមាន៖ ការតភ្ជាប់ផ្លូវជាតិខេត្តនិងខេត្ត ផ្លូវល្បឿនលឿនភ្នំពេញទៅព្រំដែន និងធ្វើទំនើបកម្មផ្លូវដែក (រថភ្លើងក្រោមដី ប្រព័ន្ធរថភ្លើងអាកាស(Monorail) និងប្រព័ន្ធរថភ្លើងគ្មានអ្នកបើក)។ នេះបើតាមការថ្លែងឱ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកញ្ជូន។
នៅក្នុងបទសម្ភាសន៍ជាមួយ អ្នករាយការណ៍វិទ្យុមិត្តភាពកម្ពុជា-ចិន ស្តីពីការដាក់ឱ្យ ដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថាគម្រោងធំៗទាំង៤ ដែលស្នើទៅចិនមានដូចជា៖ ជាគម្រោងសាងសង់ផ្លូវបាត់ដំបង-សៀមរាប, គម្រោងសាងសង់ផ្លូវកំពង់ធំ-កំពង់ឆ្នាំង, គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ម៉ុកបៃ (ព្រំដែនវៀតណាម), គម្រោងសិក្សា ធ្វើទំនើបកម្មផ្លូវដែកកម្ពុជា និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដូចជា៖ គម្រោងសិក្សារថភ្លើងក្រោមដី ប្រព័ន្ធរថភ្លើងអាកាស(Monorail) និងប្រព័ន្ធរថភ្លើងគ្មានអ្នកបើក(AGT)។
ជាមួយគ្នានោះ លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីគម្រោងដ៏ធំមួយទៀត គម្រោងផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅក្រុងហូជីមិញ ដែលជាគម្រោងដ៏ធំមួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។ លោក បានបន្ថែមថា គម្រោងសិក្សាការដឹកជញ្ជូនផ្លូវទឹកទន្លេបាសាក់ ពីភ្នំពេញឆ្ពោះត្រង់ទៅកាន់សមុទ្រកម្ពុជា ដែលអាចផ្ដល់ផលចំណេញយ៉ាងច្រើនកាត់ បន្ថយពេលវេលា កាត់បន្ថយតម្លៃដឹកជញ្ជូន និងនីតិវិធីគ្រប់បែបផងដែរ។
ក្នុងបទសម្ភាសន៍ដដែល ទាក់ទងនឹងជំនួយរបស់ចិនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ លោក ស៊ុន ចានប់ថុល បានសំដែងនូវការ ស្វាគមន៍ចំពោះជំនួយជាប្រាក់កម្ចីសម្បទានការប្រាក់ទាបរបស់មិត្តចិន ដែលអនុញ្ញាតឱ្យកម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនខ្វាត់ខ្វែងគ្រប់ទីកន្លែងទាំងអស់ ដើម្បីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋធូរធារ និងល្អជាងមុន សេដ្ឋកិច្ចជាតិមានការរីកចម្រើន។
លោក បានបញ្ជាក់ថា «អនុញ្ញាតឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០ និងបានបង្ហាញ ជំនឿយ៉ាងមុតមាំថា៖ មិត្តចិននឹងនៅបន្តផ្ដល់ជំនួយឥតសំណង ក៏ដូចជាប្រាក់កម្ចីការប្រាក់ទាប ដើម្បីអនុវត្តគម្រោងកសាងផ្លូវ ស្ពាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត»។
លោក បានលើកឡើងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងសហការជាមួយមិត្តចិន ដើម្បីធ្វើផែនការមេសម្រាប់ខេត្តព្រះសីហនុទាំងមូលដើម្បីប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស ហើយផ្លូវល្បឿនលឿននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច របស់ខេត្តព្រះសីហនុទាំងមូល។ លោក បានគូសបញ្ជាក់ថា ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលបានដាក់ទុនវិនិយោគ យ៉ាងច្រើនលើការស្ដារ ការពង្រីក និងពង្រឹងគុណភាពផ្លូវនៅទូទាំងប្រទេសកម្ពុជា។
លោក ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារសំខាន់នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចកម្ពុជាធំៗចំនួនបីដូច ជាប៉ូលសេដ្ឋកិច្ចភ្នំពេញ ប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចខេត្តសៀមរាប។
នៅក្នុងបទសម្ភាសន៍នោះ លោក បានសង្កត់ធ្ងន់ថា៖ «ការតភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញ-ក្រុងព្រះសីហនុ តាមរយៈផ្លូវល្បឿនលឿននេះ នឹងធ្វើឱ្យការដឹកជញ្ជូនទំនិញ ក៏ដូចជាអ្នកដំណើរកាន់តែមានប្រសិទ្ធភាព ចំណាយពេលវេលាតិចជាងមុន កាត់បន្ថយចំណាយ និងធ្វើឱ្យប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុមានការរីកចម្រើនថែមទៀត»។
លោក រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានបន្ថែមថា ក្រុមការងារបច្ចេកទេសរបស់ក្រសួង បានពិនិត្យឃើញថា ផ្លូវនេះមានគុណភាពល្អ ទាំងការរៀបចំកសាងនិងការរៀបចំសុវត្ថិភាព ហើយបន្ថែមពីលើនេះក្រសួងបានជួលក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងវិស្វករឯករាជ្យឱ្យមកពិនិត្យលើគុណភាពថែមទៀត រួមជាមួយការប្រើបច្ចេកវិទ្យាថ្មី សម្ភារទំនើបបទពិសោធន៍ និងអ្នកជំនាញគ្រប់គ្រាន់ ដើម្បីសាងសង់ផ្លូវនេះឱ្យមានគុណភាពរឹងមាំតាមស្តង់ដារបច្ចេកទេស៕
ដោយ៖ មឿន ឌីណា (Moeun Dyna)