ភ្នំពេញ៖ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗ ចំនួន ១,៦០៣អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅមានចំនួន ២២៥អគារ។ បើតាមការថ្លែងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
នៅក្នុងពិធីបើកសម្ភោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងបន្តដោយរម្លឹកថា ក្នុងឆ្នាំ២០២១ កន្លងទៅ ទោះបីមានផលប៉ះពាល់ពីវិបត្តិជាសកលបង្កឡើងដោយជំងឺកូវីដ-១៩ ក៏រាជធានីភ្នំពេញនៅតែបន្តទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន រហូតដល់ទៅចំនួន ១,០៥០គម្រោង។
លោក ឃួងស្រេង បានថ្លែងបន្តទៀតថា ១,០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់លានដុល្លា បន្ថែមទៀតធ្វើឱ្យរាជធានីភ្នំពេញកាន់តែមាន ភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ។
ផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ បានប្រមូលផ្តុំនូវម្ចាស់អាជីវកម្មចិន និងខ្មែរជាច្រើន និងជាអគារពាណិជ្ជកម្មខ្នាតធំដែលមានមុខងារពេញលេញនៅក្នុងទីក្រុងភ្នំពេញ ហើយក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលបានបើកដំណើរការជាសាធារណៈ។ បើតាមថ្លែងបន្ថែមរបស់ លោក ឃួង ស្រេង បានលើកឡើងថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, ធនាគារ, ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ជាពិសេសក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងបន្តងើបឡើងវិញ នាបណ្តាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេសដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេសអគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់បុរី អគារស្នាក់នៅរួម ខុនដូ និងផ្សារទំនើប ប្រកបដោយប្រណីតភាព សម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃ។ បើតាមការលើកឡើងបន្ថែមរបស់ លោក ឃួង ស្រេង។
លោក អភិបាលរាជធានីភ្នំពេញ បានបន្ថែមថា ការបើកសម្ពោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរគឺជាជម្រើសអាជីវកម្មមួយ ដែលនឹងទទួលបានការគាំទ្រពី សំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងទីក្រុង ស្របពេលដែលប្រទេសជាតិយើងបានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ។
លោក ខ្លីហ្វ កុហ្ស អភិបាលប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា៖ កម្ពុជាកំពុងបើកដំណើការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញលើគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី។
លោក បានបន្តថា ផ្សារទំនើបព្រីនស៍ ថាមសឃែ្វរ ដែលបានបើកសម្ពោធនៅពេលនេះ នឹងក្លាយទៅជាគោលដៅដើរទិញទំនិញ ការកម្សាន្ត និងទេសចរណ៍មួយ ដែលទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ហើយក្នុងអំឡុងពេលសាងសង់គម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួង មន្ទីរពាក់ព័ន្ធ បានផ្ដល់ការគាំទ្រយ៉ាងច្រើន ដែលធ្វើឱ្យគម្រោងនេះអាចអភិវឌ្ឍ និងបើកដំណើរការស្របតាមការរំពឹងទុក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)